Post News Media ព័ត៌មានជាតិ ស្ត្រីជើងឆើតខ...

ស្ត្រីជើងឆើតខាងលួច ត្រូវសមត្ថកិច្ចចាប់ខ្លួនតាមដីកា

កណ្តាល: ដោយអនុវត្តតាមដីកាបង្គាប់ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌ​កម្រិតធ្ងន់ខេត្តកណ្តាល សហការជាមួយកម្លាំងជំនាញនគរបាលយុត្តិធម៌ស្រុកព្រៃនប់ និង កម្លាំងប៉ុស្តិ៍អណ្តូងថ្ម បានធ្វើការឃាត់ខ្លួនឈ្មោះ ច.ស.ល ភេទស្រី អាយុ៣៥ឆ្នាំ នៅចំណុចភូមិបន្ទាយព្រៃ ឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្នុងបទចោទ ប្រកាន់អំពើលួច ដែលបានប្រពឹត្តទៅកាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៦ ចំណុចភូមិ ដើមមៀន ឃុំដើមមៀន ខេត្តកណ្តាល។

ការឃាត់ខ្លួនស្ត្រីត្រូវចោទខាងលើ ធ្វើឡើងកាលពីវេលាម៉ោង២និង៤៧នាទី ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចភូមិបន្ទាយព្រៃ ឃុំអណ្តូងថ្ម ស្រុកព្រៃនប់ខេត្តព្រះសីហនុ តាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់សាលាដំបូង ខេត្តកណ្តាល លេខ៤៣១ដក-បចខ ចុះថ្ងៃទី២ ខែសីហា ឆ្នាំ២០១៧ របស់លោក ផូង វណ្ណ ចៅក្រមជំនុំ ជម្រះនៃសាលាដំបូងខេត្តកណ្តាល ។

មន្ត្រីការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តកណ្តាលបានឲ្យដឹងថា ក្រោយទទួល​ដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់សាលាដំបូងខេត្តកណ្តាល កម្លាំងបានបើកកិច្ចប្រតិបត្តិការ ស្រាវ​ជ្រាវនិងតាមចាប់ខ្លួនស្ត្រីខាងលើនេះ រហូតរកឃើញនិងចាប់ខ្លូននៅភូមិបន្ទាយព្រៃ ឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលស្ត្រីរូបនេះបានប្រពឹត្តអំពើលួច កាលពី​ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៦ ចំណុចភូមិដើមមៀន ឃុំដើមមៀន ខេត្តកណ្តាល ។

បច្ចុប្បន្នស្ត្រីត្រូវចោទខាងលើ សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនបន្តទៅសាលាដំបូង ដើម្បីផ្តន្ទាទោសតាមច្បាប់ ៕

Loading...