ព័ត៌មានជាតិ

ជិះកង់ឌុបប្រពន្ធ ត្រូវរថយន្តបុកពីក្រោយស្លាប់និងរបួស!

បាត់ដំបង: លោកអធិការរង ស្រុកសំពៅលូន ទទួលផ្នែកចរាចរណ៍ បានប្រាប់Post Newsថា នៅវេលាម៉ោង៤និង២០នាទីទៀបភ្លឺ ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើង រវាងរថយន្តមិនស្គាល់ម៉ាកបើកបុក អ្នកជិះកង់ឌុបគ្នា២នាក់ បណ្ដាលឲ្យស្លាប់ម្នាក់ និងរបួសស្រាលម្នាក់ ស្ថិតលើផ្លូវជាតិលេខ៥៧B ក្រុមទី១ ភូមិត្រពាំងព្រលឹត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង។

ជនរងគ្រោះទី១មានឈ្មោះ ថៃ ឡេង ភេទប្រុស អាយុ៣៧ឆ្នាំ (របួសស្រាល)ត្រូវជាប្តី និងទី២ឈ្មោះ ខាន់ សោ ភេទស្រី អាយុ៤៤ឆ្នាំ (ស្លាប់) អ្នកទាំង២ស្នាក់នៅត្រង់ចំណុចអូរស្ងាត់ ភូមិត្រពាំងព្រលឹត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង។

មុនពេលកើតហេតុ​ ភាគីខាងរថយន្តបង្កបានធ្វើដំណើរស្របទិសគ្នាជាមួយនិងកង់ជនរងគ្រោះ លុះមកដល់ចំណុចកើតហេតុ បានជ្រុលចង្កូតមកបុកភាគីរងគ្រោះពេញទំហឹងបណ្តាលឲ្យស្លាប់ម្នាក់ និងរបួសស្រាលម្នាក់ រួចបញ្ជូនទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យ។

ក្រោយកើតហេតុ សមត្ថកិច្ចបាននាំយកវត្ថុតាងទាំង២គ្រឿង មករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសំពៅលូន ដើម្បីដោះស្រាយបន្តតាមផ្លូវច្បាប់។ ចំណែកសាកសពត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់