Post News Media ព័ត៌មានជាតិ តុលាការផ្តន្ទ...

តុលាការផ្តន្ទាទោស ឧកញ៉ា ប៊ុន ស៊ីថា ដាក់ពន្ធនាគារ២ឆ្នាំ រឿងឆបោកលុយគេជាង១លានដុល្លារ

ភ្នំពេញ: នៅរសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧នេះ លោក អ៊ី ឋាវរ: ចៅក្រមជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការប្រកាសសាលក្រមផ្តន្ទាទោស លោកឧកញ៉ា ប៊ុន ស៊ីថា ដាក់ពន្ធនាគារ កំណត់រយ:ពេល ២ឆ្នាំ និងពិន័យជាប្រាក់ចំនួន២លានរៀលចូលជាថវិការដ្ឋ ពីបទ ឆបោក យោងតាមមាត្រា ៣៧៧ និងមាត្រា ៣៧៨នៃក្រមព្រហ្មទណ្ឌ។

សាលក្រមដដែលក៏បាន បង្គាប់ឲ្យជនជាប់ចោទសងសំណងប្រាក់ដើមចំនួន១,៩៩៩,០០០ដុល្លារ និងសំណងជំងឺចិត្តចំនួន ៥ម៉ឺនដុល្លារ ដល់ជនរងគ្រោះលោក លីម ឈាងហួរ ផងដែរ។

នៅក្នុងសវនាការកាលពីព្រឹកថ្ងៃទី២៣ ខែវិច្ឆកា ឆ្នាំ២០១៧កន្លងទៅលោក ឧកញ៉ា ប៊ុន ស៊ីថា សារភាពថា ខ្លួនបានលក់ដីមួយកន្លែង ឲ្យទៅឈ្មោះ លីង ឈាងហួរ ក្នុងតម្លៃប្រហែល៤លានដុល្លារ ដោយទទួលបានលុយកក់ចំនួន ៩០ម៉ឺនដុល្លារមុន។

លោកបន្ដថា ដោយសារដីនោះ លោកបានយកទៅបញ្ចាំឲ្យគេ ៣០ដុល្លារទើប និងលោកមិនអាចកាត់ឈ្មោះ ឲ្យភាគីលោក លីម ឈាងហួរ ទាន់ពេលទើប គេប្តឹងលោកដាក់គុកតែម្តង។

បើទោះជាលោក ហោ លីណា ជាតំណាងអយ្យការមិនឲ្យលោក ឧកញ៉ា ប៊ុន ស៊ីថា លើកអំពីរឿង រៀបចំ សុំស.ជ.ណ ក្តី ប៉ុន្តែលោកឧកញ៉ា ជាប់ចោទរូបនេះ បានបង្ហើបថា លុយ ៩០ម៉ឺនដុល្លារដែលលោកយកពីឈ្មោះ លីម ឈាងហួរ នោះ គឺលោកយកទៅរត់ការធ្វើ ស.ជ.ណ ដោះដូរដីរដ្ឋរួមមាន ដីការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ការិយាល័យប្រឆាំងគ្រឿងញៀន និងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជនរាជធានីភ្នំពេញ ដែលការិយាល័យទាំង៣នេះនៅក្នុងបរិវេណតែមួយ នៅម្តុំស្តុបកោសដូងក្នុងទឹកដីខណ្ឌទួលគោក៕

Loading...