ព័ត៌មានជាតិ

ល្បិចផង សុំបារី បន្លំលួចទូរសព្ទ!

កណ្តាល: យុវជន ២នាក់ បន្លំធ្វើជាសុំបារីជក់ ឆ្លៀតឱកាសឲ្យបក្ខពួកទៅលួចយកទូរសព្ទ២គ្រឿង តែត្រូវកូនជនរងគ្រោះឃើញទាន់ស្រែកចោរៗ ផ្អើលគេឯងត្រូវប្រជាពលរដ្ឋក្របួចបានម្នាក់ និងម្នាក់ទៀតរត់គេចខ្លួនបាត់ នៅវេលាម៉ោង ១១ និង ៤០នាទី ព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧ នេះ នៅចំណុចភូមិតាកែវ២ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

ជនរងគ្រោះឈ្មោះ លឹម អៀងហេង ភេទប្រុស អាយុ ៤៩ឆ្នាំ ស្នាក់នៅភូមិឃុំកើតហេតុ។ ចំណែកជនសង្ស័យទាំង២នាក់ ទី១.ឈ្មោះ ទៃ ជៀន ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរ កម្មករសំណង់ មានទីលំនៅភូមិស្វាយមាស ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល (ឃាត់ខ្លួន) និងទី២.ឈ្មោះ ធួក ប៉ៃថាំង ភេទ ប្រុស អាយុ ២១ឆ្នាំ មុខរបរ កសិករ មានទីលំនៅភូមិស្វាយមាស ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល រីឯវត្ថុតាងដែលសមត្ថកិច្ចចាប់យកបានមាន ទូរសព្ទចំនួន ២គ្រឿង។

តាមប្រភពពីសមត្ថកិច្ច បានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះបានយកទូរសព្ទទៅសាកថ្មនៅរោងលក់បាយមុខផ្ទះ ហើយឲ្យកូនឈ្មោះ ហេង នីហ្សា ភេទប្រុស អាយុ ១៣ឆ្នាំ អង្គុយមើលក្នុងរោងលក់បាយ ពេលនោះ ស្រាប់តែជនសង្ស័យឈ្មោះ ធួក ប៉ៃថាំង ជិះម៉ូតូម៉ាកសង់កូរ៉េ ពណ៌ក្រហម ឌុបជនសង្ស័យឈ្មោះ ទៃ ជៀន ចេញពីទិសខាងត្បូងសំដៅមកផ្ទះកើតហេតុ។ លុះពេលទៅដល់ឈ្មោះ ទៃ ជៀន បានចុះពីលើម៉ូតូធ្វើជាដើរទៅសុំបារីជនរងគ្រោះ ចំណែកឯជនសង្ស័យឈ្មោះ ធួក ប៉ៃថាំង បានចូលទៅលួចទូរសព្ទដែលកំពុងសាកថ្ម ពេលនោះ កូនរបស់ជនរងគ្រោះឃើញ ក៏ស្រែកឆោឡោថា ចោរៗ ហើយជិះម៉ូតូដេញតាម។ ក្រោយមកជនសង្ស័យឈ្មោះ ទៃ ជៀន បានរត់ចេញពីកន្លែងកើតហេតុ ក៏ត្រូវបានប្រជាពលរដ្ឋឃាត់ខ្លួនបាន ចំណែកឈ្មោះ ធួក ប៉ៃថាំង ជិះម៉ូតូចូលផ្ទះយកទូរសព្ទទាំង ២គ្រឿង ទៅឲ្យម្តាយរបស់ខ្លួន ហើយជិះម៉ូតូគេចខ្លួនបាត់។

ក្រោយមក សមត្ថកិច្ចនគរបាលប៉ុស្តិ៍វិហារសួគ៌ បានចុះអន្តរាគមន៍ និងចាប់យកទូរសព្ទពីឈ្មោះ អ៊ុន មឿន ជាម្តាយជនសង្ស័យឈ្មោះ ធួក ប៉ៃថាំង ចំនួន ២គ្រឿង ព្រមទាំងបញ្ជូនជនសង្ស័យឈ្មោះ ទៃ ជៀន មកអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាល បន្តចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់