ព័ត៌មានជាតិ

បើកសុខៗត្រឡប់ក្រោយ មានអីម៉ាំងខ្ពោក!

ភ្នំពេញ: បុរសម្នាក់បើករថយន្តបត់ត្រឡប់ ក្រោយខ្វះកាប្រុងប្រយ័ត្ន ត្រូវយុវជនម្នាក់ជិះម៉ូតូមកពីក្រោយ ចាប់ហ្វ្រាំងមិនទាន់ជ្រុលទៅបុកចំពាក់កណ្តាលរថយន្តពេញទំហឹង បណ្តាលឲ្យដួលរងរបួសធ្ងន់។

ហេតការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១និង៤០នាទីយប់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវ១៩៨៦ មុខXP ម៉ាត ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

មុនកើតហេតុ គេឃើញបុរសម្នាក់បើករថយន្តមួយគ្រឿង ម៉ាកឡិចសុីសRX300 ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2P-3112 បើកបរពីលិចទៅកើត លុះមកចំណុចកើតហេតុខាងលើ ក៏បានបត់ឆ្វេងដៃត្រឡប់ក្រោយភ្លាមៗបានពាក់កណ្តាលផ្លូវ ក៏ត្រូវម៉ូតូមួយគ្រឿង ម៉ាកឌ្រីមសង់ស៊េរី០១៣ ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 1CF-9670 ជិះដោយយុវជនម្នាក់ស្របទិសដៅមកពីក្រោយ ចាប់ហ្វ្រាំងមិនទាន់ជ្រុលចង្កូតទៅបុករថយន្តចំទ្វារខាងមុខ ផ្នែកខាងឆ្វេងបណ្តាលឲ្យដួលបោកនឹងថ្នល់រងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះបន្ទាន់គ្លីនីកពន្លឺ ដឹកយកទៅសង្គ្រោះភា្លមៗ។ ចំណែកម៉ូតូខូចខាតផ្នែកខាងយ៉ាងដំណំ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅកាន់សមត្ថកិច្ចជំនាញចុះមកវាស់វែង យករថយន្តនិងម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ រង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់បន្តទៀត៕

មតិយោបល់