ព័ត៌មានជាតិ

ឡិចស៊ីស៤០០ ស្លាកលេខ ភ្នំពេញ2AJ-6643 ប៉ះជាមួយកាមរីហាយប្រីត ស្លាកលេខភ្នំពេញ2AS-8876 ខ្ទេចទាំង២គ្រឿង

ភ្នំពេញ: រថយន្តស៊េរីទំនើប២គ្រឿង បានបុកគ្នាពេញទំហឹង ត្រង់ផ្លូវបំបែកជាបួន បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ តែសំណាងល្អមិនមានអ្នករបួស។

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១១ និង៤០នាទី យប់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្ដោយផ្លូវ១៦៣ កែងនឹងផ្លូវ៤៦០ ក្នុងសង្កាត់ទួលទំពូង២ ខណ្ឌចម្ការមន រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតគេឃើញរថយន្តឡិចស៊ីស៤០០ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AJ-6643 ធ្វើដំណើរតាមផ្លូវ៤៦០ ពីលិចទៅកើត បោះពួយយ៉ាងលឿន ខណ:មកដល់ចំណុចកើតហេតុខាងលើ ដោយខ្វះការប្រុងប្រយ័ត្ន បានជ្រុលទៅបុករថយន្តកាមរីហាយប្រីត ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AS-8876 ធ្វើដំណើរតាមផ្លូវ១៦៣ ពីជើងទៅត្បូងក្នុងល្បឿនលឿនដូចគ្នាពេញទំហឹង បណ្ដាលឲ្យរថយន្តទាំង២គ្រឿង រងខូចខាតផ្នែកខាងមុខយ៉ាងដំណំ និង១គ្រឿងទៀតខូចមួយចំហៀងខាងស្ដាំ តែសំណាងល្អមិនមានអ្នករងរបួស។

ក្រោយកើតហេតុ សមត្ថកិច្ចចរាចរណ៍ខណ្ឌ បានមកដល់កន្លែងកើតហេតុ ទាក់ទងហៅជំនាញចរាចរណ៍ក្រុង ចុះមកវាស់វែង យករថយន្តទាំង២គ្រឿង ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំឲ្យម្ចាស់រថយន្តចូលខ្លួនមកដោះស្រាយតាមផ្លូវច្បាប់បន្តទៀត៕

មតិយោបល់