ព័ត៌មានជាតិ

ស្ត្រីមានផ្ទៃពោះម្នាក់ ខឹងប្តីិមិនឲ្យទៅធ្វើការនៅខេត្តជាមួយ ឈរកណ្តាលផ្លូវបំណងផ្តាច់ជីវិត

ភ្នំពេញ: ស្ត្រីមានផ្ទៃពោះម្នាក់ ខឹងប្តីមិនឲ្យទៅធ្វើការនៅខេត្តឆ្ងាយ ក៏ទុកម៉ូតូចោល រត់ឈរនៅកណ្តាលផ្លូវប៉ុនប៉ងសម្លាប់ខ្លួន បង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចមូលដ្ឋានចុះមកអន្តរាគមន៍ កាលពីវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧ត្រង់ចំណុចខាងមុខចំណតរថយន្តក្រុង រិទ្ធ មុនី តាមបណ្តោយផ្លូវម៉ៅសេទុង ស្ថិតក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថានៅមុនពេលកើតហេតុ គេឃើញស្ត្រីមានផ្ទៃពោះម្នាក់​ បានជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម 1N-0554 និងកូនប្រុសអាយុ៥ឆ្នាំម្នាក់ និងស្ត្រីម្នាក់ទៀតត្រូវជាបងប្អូនរួមដំណើរពីក្រោយ តាមបណ្តោយផ្លូវម៉ៅសេទុង ក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុ ស្រាប់តែស្ត្រីមានផ្ទៃពោះខាងលើបានចុះពីលើម៉ូតូរត់ទៅឈរនៅកណ្តាលផ្លូវក្នុងបំណងសម្លាប់ខ្លួន ទើបបង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចមូលដ្ឋានចុះមកអន្តរាគមន៍ ដោយបានសួរនាំទៅស្ត្រីរងគ្រោះខាងលើ តែនាងមិនបាននិយាយស្តីអ្វីទាំងអស់ គ្រាន់តែនិយាយថានាងចង់ស្លាប់ និងបានព្យាយាមរត់ចូលរថយន្ត លុះមួយសន្ទុះក្រោយមកស្រាប់តែស្ត្រីរូបនោះ បានរត់ទៅឡើងចូលក្នុងរថយន្តក្រុងមួយគ្រឿងដែលចតនៅក្នុងចំណត ហើយក៏រត់មកអង្គុយនៅវិញ។

បើតាមសម្តីពីស្ត្រីដែលត្រូវជាបងប្អូននឹងស្ត្រីមានផ្ទៃពោះខាងលើបានឲ្យដឹងថា ស្ត្រីមានផ្ទៃពោះខាងលើមានកូនប្រុសស្រីចំនួន៤នាក់ រួមទាំងកូននៅក្នុងពោះ ហើយគាត់គ្រាន់តែដឹងថាស្ត្រីដែលមានផ្ទៃពោះខាងលើខឹងនឹងប្តីដែលចេញទៅធ្វើការតាមខេត្ត ហើយស្ត្រីដែលមានផ្ទៃពោះ ត្រូវជាប្រពន្ធសុំទៅជាមួយប្តីតែប្តីមិនឲ្យទៅ ។

ក្រោយសមត្ថកិច្ចមូលដ្ឋានបានធ្វើការអប់រំស្ត្រីប៉ុនប៉ងសម្លាប់ខ្លួនខាងលើ ហើយក៏បានឲ្យស្ត្រីរូបនោះជិះម៉ូតូត្រលប់ទៅផ្ទះវិញបាត់ទៅ៕

#សារអប់រំខ្លីៗ ៖ ការសម្លាប់ខ្លួន មិនមែនជាជម្រើសដ៏ល្អនោះទេ !

មតិយោបល់