Post News Media ព័ត៌មានជាតិ រន្ធត់! ហ៊ីយ៉...

រន្ធត់! ហ៊ីយ៉ាន់ដាយ បុកម៉ូតូពេញទំហឹង សា្លប់ម្នាក់ នៅព្រះសីហនុ

ព្រះសីហនុ: លោកវរសេនីយ៍ឯក អ៊ី សុខា ស្នងការរងខេត្តព្រះសីហនុ ទទួលផែនចរាចរណ៍ បានប្រាប់Post Newsថា មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ បានកើតឡើង រវាងរថយន្តសណ្តោងរម៉កដឹកថ្ម បើកបុកម៉ូតូមួយគ្រឿង បណ្តាលឲ្យភាគីខាងម៉ូតូដេកស្លាប់យ៉ាងអាណោចអាធ័ម។

ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង១១និង១៥នាទីយប់ ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតលើផ្លូវជាតិលេខ៤ នៅមុនសាលាសង្កាត់លេខ១ ភូមិ១ សង្កាត់១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ម្ចាស់ម៉ូតូជាជនរងគ្រោះ មិនត្រូវបានស្គាល់អត្តសញ្ញាណច្បាស់នោះទេ បើកម៉ូតូ១គ្រឿង ម៉ាក ហុងដាAREBLADE ពណ៌ក្រហម គ្មានស្លាកលេខ។ ចំណែកម្ចាស់រថយន្តបង្កក៏មិនបានស្គាល់អត្តសញ្ញាណនោះដែរ បើករថយន្តមួយគ្រឿង ម៉ាកHYUNDAI ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 3C-5569។

មុនពេលកើតហេតុ ភាគីទាំង២បានធ្វើដំណើរស្របទិសគ្នា ពីភ្នំពេញ ឆ្ពោះទៅខេត្តព្រះសីហនុ លុះមកដល់ចំណុចកើតហេតុ រថយន្តបង្កបានជ្រុលចង្កូត ទៅបុកម៉ូតូជនរងគ្រោះពេញទំហឹង បណ្តាលឲ្យស្លាប់ភ្លាមៗតែម្តង។ ចំណែកម្ចាស់រថយន្តបង្កបានគេចខ្លួនបាត់ស្រមោល។

ក្រោយកើតហេតុ សមត្ថកិច្ចបាននាំយកវត្ថុតាងមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីធ្វើការដោះស្រាយបន្តតាមផ្លូវច្បាប់។ ចំណែកសាកសព កំពុងស្រាវជ្រាវរកក្រុមគ្រួសារសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី៕

Loading...