Post News Media ព័ត៌មានជាតិ ជិះម៉ូតូមិនប្...

ជិះម៉ូតូមិនប្រកាន់ស្តាំ ត្រូវហ៊ីយ៉ាន់ដាយបុកពេញទំហឹង ស្លាប់ក្រោយបញ្ជូនដល់មន្ទីរពេទ្យ

កំពង់ធំ: លោកប្រធានការិយាល័យចរាចរណ៍ នៃស្នងការនគរបាលខេត្តកំពង់ធំ បានប្រាប់Post Newsថា មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើង រវាងម៉ូតូបើកបុករថយន្ត បណ្តាលឲ្យភាគីខាងម៉ូតូស្លាប់ ខណ:បញ្ជូនដល់មន្ទីរពេទ្យ។

ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង១២និង៤៥នាទីរសៀល ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតលើកំណាត់ផ្លវជាតិលេខ៦ ត្រង់ចំណុចផ្លូវបំបែក ភូមិធន់មោង ឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ។

ម្ចាស់ម៉ូតូមានឈ្មោះ ងាន ធឿន ភេទប្រុស អាយុ៣៦ឆ្នាំ ស្នាក់នៅនៅភូមិ៧មករា ឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ បើកម៉ូតូមួយគ្រឿង ម៉ាក ហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ សៀមរាប1F-1064។ ចំណែកម្ចាស់រថយន្តមិនត្រូវបានស្គាល់អត្តសញ្ញាណច្បាស់នោះទេ បើករថយន្តមួយគ្រឿងម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ កំពង់ចាម 3A-2124។

មុនពេលកើតហេតុ ភាគីទាំង២បានធើ្វដំណើរបញ្រ្ចាសទិសគ្នា លុះមកដល់ចំណុចកើតហេតុ ភាគីខាងម៉ូតូបានរ៉េចង្កូតមកបុករថយន្តហ៊ីយ៉ាន់ដាយ ពេញទំហឹង ដោយភាគីខាងម៉ូតូបើកមិនប្រកាន់ស្តាំ បណ្តាលឲ្យស្លាប់ខណ:បញ្ជូនទៅសង្រ្គោះបន្ទាន់ នៅមន្ទីរពេទ្យខេត្តកំពង់ធំ។ រីឯម្ចាស់រថយន្តបានគេចខ្លួនបាត់ភ្លាមៗតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចបាននាំយកវត្ថុតាងមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុក ដើម្បីធើ្វការដោះស្រាយបន្តតាមផ្លូវច្បាប់។ ចំណែកសាកសពប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

Loading...