Post News Media ព័ត៌មានជាតិ ឈប់ស្តុបសុខៗ ...

ឈប់ស្តុបសុខៗ ស្រាប់តែមកបុកពីក្រោយអូសជាង៣០ម៉ែត្ររបួសធ្ងន់

ភ្នំពេញ: បុរសម្នាក់ ជិះម៉ូតូមកឈប់ស្តុបត្រូវរថយន្តធុនធំដឹកឥដ្ឋ ជ្រុលទៅបុកពីពេញទំហឹងអូសជាង៣០ម៉ែត្រ រងរបួសជើងធ្ងន់ធ្ងរ ហើយត្រូវតំណាងភាគីរថយន្តបង្កដឹកទៅព្យាបាលនៅមន្ទីរពេទ្យព្រែកអញ្ចាញ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទី ព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅចំណុចស្តុបផ្លូវបំបែក ផ្លូវលីយ៉ុងផាត់ កែងនឹងផ្លូវជាតិលេខ៦អា ភូមិបាក់ខែង សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

បុរសរងគ្រោះមានឈ្មោះ សួង ថុនា អាយុ៣០ឆ្នាំ មុខរបរជាងភ្លើង ស្នាក់នៅក្រុងបាវិត ខេត្តស្វាយរៀង មានស្រុកកំណើតនៅខេត្តកំពង់ចាម។ ចំណែករថយន្តបង្កម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ទ 0231- ភព3។ រីឯម៉ូតូរងគ្រោះ ម៉ាកយ៉ាម៉ាហា ពណ៌ក្រហម លាយខ្មៅ ពាក់ស្លាកលេខ កំពង់ចាម 1N-3008។

ប្រភពព័ត៌មានសមត្ថកិច្ចចរាចរណ៍ប្រចាំការនៅគោលដៅខាងលើបានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូមួយគ្រឿង ពីទិសខាងជើងទៅត្បូង តាមបណ្តោយផ្លូវជាតិលេខ៦អា ខណ:មកដល់ចំណុចកើតហេតុស្តុបខាងលើ ក៏ឈប់ស្តុបស្រាប់តែរថយន្តបង្កខាងលើ បើកស្របទិសគ្នាពីក្រោយបុកពេញទំហឹង បត់ស្តាំចូលផ្លូវលីយ៉ុង អូសប្រហែលជាង៣០ម៉ែត្រ ហើយជនរងគ្រោះខ្ទាតចេញពីម៉ូតូរងរបួសជើងទាំង២នាក់ រីឯម៉ូតូបែកស្តុបក្រោយ វៀចស្លាកលេខ និងវៀចឈ្នាន់ស្តាំ ហើយអ្នកបើករថយន្តបង្កចុះគេចខ្លួនបាត់ស្រមោល។

ក្រោយពេលកើតហេតុតំណាងភាគីរថយន្តបង្កបានជួយដឹកជនរងគ្រោះទៅពិនិត្យនិងព្យាបាលនៅមន្ទីពេទ្យព្រែកអញ្ចាញ។ ចំណែករថយន្តនិងម៉ូតូត្រូវបានសមត្ថកិច្ចមូលដ្ឋានរក្សាទុកបណ្តោះអាសន្នសិន រង់ចាំដោះស្រាយគ្នាពេលក្រោយបន្តទៀត ៕

Loading...