Post News Media ព័ត៌មានជាតិ ហ៊ីយ៉ាន់ដាយបុ...

ហ៊ីយ៉ាន់ដាយបុកម៉ូតូពេញទំហឹង ស្លាប់ម្នាក់របួសធ្ងន់ម្នាក់!

កំពង់ស្ពឺ: ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើង រវាងរថយន្តបើកបុកម៉ូតូ បណ្តាលឲ្យរបួសធ្ងន់ម្នាក់ និងស្លាប់ម្នាក់នៅនឹងកន្លែង។

ហេតុការណ៍នេះបានកើតឡើង កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង៦និង៣០នាទីយប់ ស្ថិតលើផ្លូវជាតិលេខ៤៤ ចន្លោគីឡូម៉ែត្រ៨៨-៨៩ ត្រង់ចំណុចខាងកើតស្ពានអូរក្អែក៤០ម៉ែត្រ ភូមិតាកោង ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។

ជនរងគ្រោះឈ្មោះ រី ច័ន្ទរ៉ា ភេទប្រុស អាយុ១៨ឆ្នាំ(ស្លាប់)និងអ្នករួមដំណើរម្នាក់ឈ្មោះ ពៅ វណ្ណនី ភេទប្រុស អាយុ២៦ឆ្នាំ(របួសធ្ងន់) ទាំង២ស្នាក់នៅភូមិឃុំកើតហេតុ បើកម៉ូតូមួយគ្រឿងម៉ាកហុងដា វ៉េវ ពណ៌ខ្មៅ គ្មានស្លាកលេខ។ ចំណែកម្ចាស់រថយន្តមិនត្រូវបានស្គាល់អត្តសញ្ញាណច្បាស់នោះទេ បើករថយន្តមួយគ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ កំពង់ស្ពឺ 2A 4438។

មុនពេលកើតហេតុ គេឃើញមានម៉ូតូជនរងគ្រោះ បានធ្វើដំណើរស្របទិសគ្នាជាមួយរថយន្តពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុ រថយន្តបង្កបានជ្រុលចង្កូតបុកម៉ូតូពេញទំហឹង បណ្តាលឲ្យស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់ ជនរងគ្រោះបានបញ្ជូនទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកស្រុកឧដុង្គ។ ចំណែកម្ចាស់រថយន្តបង្ករត់គេចខ្លួនបាត់ស្រមោល។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ធ្វើការវាស់វែងនិងនាំយកមធ្យោបាយទាំង២គ្រឿងមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុក ដើម្បីធ្វើការដោះស្រាយបន្តតាមផ្លូវច្បាប់។ ចំណែកសាកសពប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

Loading...