ព័ត៌មានជាតិ

រថយន្តក្រុមហ៊ុនស្រាបៀអាន់ឆ័រ ពន្លះត្រាក់ទ័របោសដី របស់មន្ទីរសាធារការនិងដឹកជញ្ជូនខេត្ត ក្រឡាប់ធ្លាក់ប្រឡាយ!

តាកែវ: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្តរបស់ក្រុមហ៊ុនស្រាបៀអាន់ឆ័រ បានបុកជាមួយនឹងត្រាក់ទ័របោសដី របស់មន្ទីរសាធារការ និងដឹកជញ្ជូនខេត្ត ពេញទំហឹងបណ្តាលឲ្យខ្ទាតទៅធ្លាក់ប្រឡាយ ចំណែកឯរថយន្តក្រឡាប់ផ្ងារជើងច្រង៉ាង។

ហេតុការណ៍នេះកើតឡើងនៅម៉ោង៩និង១០នាទីព្រឹក ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្លូវខេត្តលេខ២២ ចន្លោះបង្គោលគីឡូម៉ែត្រលេខ៦-៧ ក្នុងភូមិអង្គតាកុប ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ។

សមត្ថកិច្ចបានឲ្យដឹងថាករណីគ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងរវាងរថយន្តរបស់ក្រុមហ៊ុនស្រាបៀអាន់ឆ័រ ម៉ាក តាកូម៉ា ពណ៌ក្រហម (បិតឡូហ្គូស្រាបៀអាន់ឆ័រ) ពាក់ស្លាកលេខ ភ្នំពេញ 2S-8607 បើកបរដោយឈ្មោះ ឃឹម សុវណ្ណ ភេទប្រុស អាយុ២៧ឆ្នាំ ស្នាក់នៅភូមិដំណាក់ទ្រព្យ ឃុំក្រាំងស្វាយ ស្រុកឈូក ខេត្តកំពត បើកបរពីទិសខាងកើត លុះដល់ចំណុចកើតហេតុ បានបុកត្រាក់ទ័របោសដីសម្រាប់ធ្វើផ្លូវរបស់មន្ទីរសាធារណការ និងដឹកជញ្ជូន ពីក្រោយ បណ្តាលឲ្យអ្នកបើកបរត្រាក់ទ័រឈ្មោះ ភិន ភារម ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅភូមិត្រពាំងព្រីង ឃុំលាយបូរ ស្រុកត្រាំកក់ រងរបួសស្រាល ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យខេត្តតាកែវ។ ចំណែកអ្នកបើកបររថយន្តតាកូម៉ា ពុំមានរងរបួសទេ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានធ្វើការវាស់វែង នាំយករថយន្តបង្ក រួមនឹងត្រាក់ទ័រ ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកត្រាំកក់ ដើម្បីរង់ចាំការដោះស្រាយគ្នាពេលក្រោយតាមផ្លូវច្បាប់បន្តទៀត៕

មតិយោបល់