ព័ត៌មានជាតិ

មិនទាន់បានជក់ស្រួលផង សមត្ថកិច្ចមកបាត់!

​កណ្តាល: សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ពាក់ព័ន្ធនឹងករណីជួញដូរខុសច្បាប់ នូវសារធាតុញៀន កាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតក្នុងភូមិម្លូម៉ឺន ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល។

ជនសង្ស័យទី១មានឈ្មោះ សយ សារ៉េត ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករជាងដែក ស្នាក់នៅផ្ទះជួល ភូមិម្លូម៉ឺន ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល ទី២ឈ្មោះ សឿន ធឿន ហៅទុយ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករជាងដែក ស្នាក់នៅភូមិក្នុងវាំង ឃុំវាំងចាស់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ និងទី៣ឈ្មោះ ប៉ុល ស្រីប៉ ហៅពៅ ភេទស្រី អាយុ២៩ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

វត្ថុតាងដែលដកហូតបាន រួមមាន ម្សៅក្រាមពណ៌សថ្លា សង្ស័យជាសារធាតុញៀន(Ice) ចំនួន៤កញ្ចប់តូច ទូរសព្ទចំនួន១គ្រឿងម៉ាកcamfone ឧបករណ៍វេចខ្ចប់ និងប្រើប្រាស់មួយចំនួន។

មុនពេលកើតហេតុ នៅថ្ងៃខែឆ្នាំដដែល កម្លាំងជំនាញបានទទួលព័ត៌មានពីប្រជាពលរដ្ឋថា មានជនសង្ស័យបានធ្វើសកម្មភាពជួញដូរថ្នាំញៀន នៅត្រង់ចំណុចផ្ទះជួលកន្លែងកើតហេតុ ភ្លាមៗនោះកម្លាំងជំនាញ សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលផ្សារដែក រួចចុះដល់កន្លែងកើតហេតុ ឃើញជនសង្ស័យទាំង៣ នៅជាមួយគ្នាក៏បានបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យទាំង៣នាក់ រួចឆែកឆេឃើញថ្នាំញៀនចំនួន៤កញ្ចប់ និងឧបករណ៍វេចខ្ចប់ និងប្រើប្រាស់សារធាតុញៀនមួយចំនួនទៀត។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ សយ សារ៉េត បានសារភាពថា ថ្នាំញៀនដែលខ្លួនយកមកជួញដូរ ខ្លួនបានទិញពីម្តុំផ្សារស្វាយប៉ាក ពីជនមិនស្គាស់ឈ្មោះ ទិញម្តងចំនួន៥កញ្ចប់តូច យកមកលក់បន្តឲ្យគេ ក្នុង១កញ្ចប់តូចតម្លៃ៣ម៉ឺនរៀល។

បច្ចុប្បន្ន សមត្ថកិច្ចនាំខ្លួនជនសង្ស័យនិងវត្ថុតាង មកអធិការដ្ឋាននគរបាលស្រុកពញាឮ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

មតិយោបល់