ព័ត៌មានជាតិ

ទោសលើទោស! លួចកញ្ចក់រថយន្តគេមិនសម្រេចហើយ សមត្ថកិច្ចឆែកឆេររកឃើញគ្រឿងញៀនទៀត!

ភ្នំពេញ: នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង៤រសៀល កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលផ្សារដេប៉ូ១ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធនឹងករណីលួចកញ្ចក់រថយន្តពុំបានសម្រេច និងជាប់ពាក់ពន្ធ័នឹងករណីប្រើប្រាស់ខុសច្បាប់ នូវសារធាតុញៀន ស្ថិតត្រង់ចំណុចមុខក្រុមហ៊ុនAIA ផ្ទះលេខ៣២១ ផ្លូវម៉ៅសេទុង ក្រុមទី៣២ ភូមិ៧ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ អ៊ុយ ហាលវិច្ឆ័យ ហៅឆ័យ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះលេខ៥៦ ផ្លូវលំ ភូមិសន្សំកុសលទី២ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ចំណែកជនរងគ្រោះជាម្ចាស់រថយន្តម៉ាក ឡិចស៊ីស៤៧០ ពណ៌ស។

ដកហូតបានវត្ថុតាងរួមមាន ម្សៅក្រាមពណ៌សថ្លា សង្ស័យជាគ្រឿងញៀន ចំនួន១កញ្ចប់តូច ទូណឺវីសចំនួន២ ដង្កាប់ដងជ័រ ពណ៌លឿងចំនួន១ សោលេខ១៤ចំនួន១ កញ្ចក់មើលក្រោយរបស់រថយន្តចំនួន៥បន្ទះ ម៉ូតូមួយគ្រឿងម៉ាកYamaha Surus ពណ៌ក្រហមលាយខ្មៅ ពាក់ស្លាកលេខ ខេមរភូមិន្ទ 02-1-0443។

បច្ចុប្បន្ន ជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរ រួចកសាងសំណុំរឿង និងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់៕

មតិយោបល់