Post News Media ព័ត៌មានជាតិ ប្តីប្រពន្ធមួ...

ប្តីប្រពន្ធមួយគូ បែកគំនិតជួញដូរថ្នាំញៀន ត្រូវសមត្ថកិច្ចចាប់ចូលប៉ុស្តិ៍

ភ្នំពេញ: ជនសង្ស័យ២នាក់ប្តីប្រពន្ធ ត្រូវបានកម្លាំងនគបាលព្រហ្មទណ្ឌនៃអធិការដ្ឋានខណ្ឌសែនសុខ ធ្វើការបង្ក្រាប និងឃាត់ខ្លួននៅថ្ងៃទី១៥ ខែ ធ្នូ ឆ្នាំ២០១៧ វេលាម៉ោង១១ និង១០នាទីព្រឹក នៅខាងក្រោយកន្លែងលក់រថយន្តប្រើពន្លឺព្រះអាទិត្យស្តារ៨ ផ្លូវសហព័ន្ធរុស្សី ភូមិបុរីកម្មករសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ក្នុងប្រត្តិបត្តការនេះ ត្រូវបានដឹកនាំបញ្ជាដោយផ្ទាល់ពីលោកវរសេនីយ៍ទោ ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ ដែលទើបតែមកកាន់តំណែងថ្មី និងអធិការរងទទួលផែនព្រហ្មទណ្ឌ រួមនឹងមន្ត្រីក្រោមឱវាទជាច្រើននាក់ទៀត បានចុះស្រាវជ្រាវ រហូតឈានដល់ការកំណត់មុខសញ្ញាបង្ក្រាបបទល្មើសផ្សេងៗ ជាពិសេសករណីគ្រឿងញៀន។

សមត្ថកិច្ចប្រាប់ឲ្យដឹងថា ជនសង្ស័យទាំង២នាក់នេះ ទី១.ឈ្មោះ ទួន ចាន់តូ ភេទប្រុសអាយុ៣១ឆ្នាំ មុខរបរប៉ះកង់ម៉ូតូ និងប្រពន្ធឈ្មោះ ជា ចាន់ឌី អាយុ ២៣ឆ្នាំ មុខរបរមិនពិតប្រាកដទាំង២នាក់ ស្នាក់នៅអាស័យដ្ឋានខាងលើ។

ប្រភពដដែលបានបន្តថា មុនពេលឈានទៅដល់ការឃាត់ខ្លួនប្តីប្រពន្ធខាងលើ គឺមានប្រជាពលរដ្ឋរាយការណ៍មកប្រាប់ថា ពួកគេសង្ស័យប្តីប្រពន្ធខាងលើជួញដូរគ្រឿងញៀន ឲ្យទៅអ្នកផ្សេងប្រើប្រាស់ ទើបលោកអធិការនគរបាលខណ្ឌបញ្ជាឲ្យកម្លាំងជំនាញ ចុះទៅបង្ក្រាបបានតែម្តង។ ក្នុងនោះដកបានថ្នាំញៀនមួយកញ្ចប់តូច និងថង់វេចខ្ចប់ឧបករណ៍សម្រាប់ប្រើប្រាស់មួយចំនួនផង។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យខាងលើ បានប្រាប់ថាថ្នាំញៀននោះ ខ្លួនបានលក់បន្តទៅឲ្យម៉ូយខេត្តអស់ហើយ និងបានឲ្យគេទៅយកបន្ថែម តែម៉ូយមិនទាន់យកមកប្រគល់ឲ្យផង ក៏ត្រូវសមត្ថកិច្ចចុះបង្ក្រាបមុន។ បច្ចុប្បន្នជនសង្ស័យ ត្រូវបានឃាត់ខ្លួន បណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការនៅពេលក្រោយ៕

Loading...