ព័ត៌មានជាតិ

សាហាវណាស់! រថយន្ត៣គ្រឿងពន្លះគ្នា ស្លាប់៣នាក់និងរបួសធ្ងន់៣នាក់យ៉ាងរន្ធត់!

កំពង់ធំ: ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើង រវាងរថយន្ត៣គ្រឿងបុករះបន្តកន្ទុយគ្នា បើកបរក្នុងទិសដៅស្របគ្នា ពីលិចទៅកើត បណ្តាលឲ្យស្លាប់៣នាក់ និងរបួសធ្ងន់៣នាក់។

ហេតុការណ៍កើតឡើងនៅវេលាម៉ោង១១ និង៥៥នាទីយប់ ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៧ នៅលើកំណាត់ផ្លវជាតិលេខ៦ ភូមិព្រះនង្គ័ល ឃុំចំណាក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ។

រថយន្តទី១ម៉ាក ហ៊ីយ៉ាន់ដាយ(ផ្លូវ៥) ដឹកមើមដំឡូង ក្បាលពណ៌ស ស្លាកលេខ ភ្នំពេញ3B.8026 បើកបរដោយឈ្មោះ នូ វិទិត្យ ភេទប្រុស អាយុ ២៥ឆ្នាំ នៅភូមិគូង ឃុំសួង ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ឈប់រថយន្តលើទ្រូងផ្លូវ ហើយចុះដើរមកខាងក្រោយរថយន្តរបស់ខ្លួន ត្រូវបានរថយន្តបើកបរទិសដៅស្របគ្នាបុកស្លាប់នៅកន្លែងកើតហេតុ រថយន្តបង្កនេះម៉ាក ហ៊ីយ៉ាន់ដាយ(ផ្លូវ៥) ដឹកមើមដំឡូងដូចគ្នា ក្បាលពណ៌ស ស្លាកលេខ កំពង់ចាម3A.6407 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ(គេចខ្លួន)។

ក្រោយកើតហេតុសមត្ថកិច្ចនគរបាលចរាចរណ៍នៃអធិការដ្ឋាននគរបាលស្រុកស្ទោង បានចុះទៅធ្វើសណ្តាប់ធ្នាប់ចរាចរនៅកន្លែងកើតហេតុ ស្រាប់តែវេលាម៉ោង៤និង២០នាទី ចូលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៧ មាន រថយន្តសាំយ៉ុង ពណ៌ស ស្លាកលេខ ភ្នំពេញ2T.0670 បើកមកបុកគូទរថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ស្លាកលេខ កំពង់ចាម3A.6407 ដែលបង្កគ្រោះថ្នាក់ខាងលើ បណ្តាលអ្នកបើកបរ របួសធ្ងន់បញ្ជូនទៅមន្ទីរពេទ្យបង្អែកស្ទោង និង អ្នករួមដំណើរក្នុងរថយន្តស្លាប់២នាក់(ប្រុស) , របួសធ្ងន់៣នាក់(ស្រីម្នាក់) ។

មូលហេតុជាបឋមបង្កឡើងដោយអ្នកបើកបររថយន្តហ៊ីយ៉ាន់ដាយ ស្លាកលេខ កំពង់ចាម3A.6407 និង អ្នកបើកបររថយន្តសាំយ៉ុង ស្លាកលេខ2T.0670 បើកបរខ្វះការប្រុងប្រយ័ត្ន។

ចំពោះរថយន្តខាងលើ សមត្ថកិច្ចនាំយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្ទោង៕

មតិយោបល់