Post News Media ព័ត៌មានជាតិ អ្នកណាមិនរត់!...

អ្នកណាមិនរត់! នៅក្នុងសាលារៀនមជ្ឈមណ្ឌលកុមារវីស្សឹន

ភ្នំពេញ: ពស់ថ្លាន់១ក្បាលទម្ងន់ប្រហែល២០ គីឡូក្រាមបានលូនចូលក្នុងបរិវេណសាលារៀន មជ្ឈមណ្ឌលកុមារវីស្សឹន ហើយត្រូវបានក្រុមសន្តិសុខយាមនៅទីនោះចាប់បានដាក់ទ្រុង។ លុះ១ថ្ងៃក្រោយមកបានរាយការណ៍ជូនអាជ្ញាធរឲ្យជួយហៅខាងក្រុមអភិរក្សសត្វព្រៃចុះទៅយក ដើម្បីលែងនៅតំបន់មានសុវត្ថិភាពឬសួនសត្វណាមួយ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា ពស់ថ្លាន់ ១ក្បាលខាងលើនោះបានលូនចូលទៅកាន់មជ្ឈមណ្ឌលកុមារវីស្សឹន ព្រះវិហារយេស៊ូវគ្រឹះ ដែលមានទីតាំងស្ថិតនៅក្នុងភូមិក្រាំងដូនទ័យ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ ហើយត្រូវបានក្រុមសន្តិសុខដែលយាមនៅទីនោះប្រទះឃើញនិងចាប់បាន កាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៧។

ប្រភពដដែលបានបន្តទៀតថា ពស់នេះមានប្រវែងប្រហែល៣ម៉ែត្រ និងមានទម្ងន់ប្រមាណ២០គីឡូក្រាម ហើយមិនមាននរណាម្នាក់បានដឹងថាកន្លងមកវារស់នៅកន្លែងណាឡើយ។ប៉ុន្តែនៅជុំវិញទីតាំងនោះមានស្រះទឹកនិងវាលស្រែ ហើយសង្ស័យកន្លងមកវារស់នៅទីនោះ និងបានលូនរកចំណីនៅក្នុងមជ្ឈមណ្ឌលខាងលើ ដែលបង្កឲ្យមានការភ័យខ្លាចដល់សិស្សដែលកំពុងរៀននៅទីនោះ។ បន្ទាប់ពីបានប្រទះឃើញពស់នោះ ក្រុមសន្តិសុខក៏បានចាប់វាដាក់ទ្រុងសំណាញ់ដែក ១យប់និង១ថ្ងៃ។ លុះដល់ថ្ងៃទី១៧ ខែធ្នូ ទើបរាយការណ៍ជូនអាជ្ញាធរឲ្យជួយហៅខាងក្រុមអភិរក្សសត្វព្រៃចុះទៅយក ដើម្បីលែងនៅតំបន់មានសុវត្ថិភាពឬសួនសត្វណាមួយផុតពីក្រញ៉ាំដៃព្រាន៕​

Loading...