ព័ត៌មានជាតិ

ជិះម៉ូតូជ្រុលទៅរថយន្តពេញទំហឹង ស្លាប់បុរសម្នាក់!

តាកែវ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តនិងម៉ូតូ បណ្តាលឲ្យបុរសម្នាក់ស្លាប់នៅនឹងកន្លែង។

ហេតុការណ៍កើតហេតុកើតឡើងនៅវេលាម៉ោង៦ និង៤០នាទីយប់ ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតលើផ្លូវជាតិលេខ២២ ចន្លោះគីឡូម៉ែ្រតលេខ៤-៥ ភូមិធ្នង់ ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញម៉ូតូ១គ្រឿងម៉ាក ហុងដា សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៣ ពាក់ស្លាកលេខ តាកែវ1k-8193 ជិះដោយឈ្មោះ ម៉ម សារ៉ាត់ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរ កសិករ ស្នាក់នៅភូមិត្រាវអែម ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ លុះមកដល់ចំណុចកើតហេតុ ម៉ូតូបានជ្រុលចង្កូតទៅបុករថយន្តម៉ាកហ៊ីណូ ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ 3C-1977 ពេញទំហឹង បណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងតែម្តង។ ចំណែកម្ចាស់រថយន្តបានគេចខ្លួនបាត់ស្រមោល។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះទៅកន្លែងកើតហេតុ ធ្វើការវាស់វែងនិងនាំយកម៉ូតូនិងរថយន្តទាំង២គ្រឿង មករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីបន្តនីតិវិធីច្បាប់។ ចំណែកសាកសពប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់