Post News Media ព័ត៌មានជាតិ លើកពេលប្រកាសស...

លើកពេលប្រកាសសាលក្រម សំណុំរឿង ពុករលួយ របស់ នគរបាលសេដ្ឋកិច្ច ២នាក់ ទៅពេលក្រោយ

ភ្នំពេញ: មិនដូចជាអ្វីដែលបានគ្រោងទុកឡើយនៅរសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៧នេះ លោក លាង សំណាត់ ចៅក្រមជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ មិនទាន់អាចបើកសវនាការប្រកាសសាលក្រមផ្តន្ទាទោស នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ២នាក់ ពាក់ព័ន្ធសំណុំរឿងពុករលួយនៅឡើយទេ ដោយបានសម្រេចលើកពេលទៅប្រកាសសាលក្រមនៅរសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៧ខាងមុខវិញ។

សូមបញ្ជាក់ថា លោក ខាំ សុផារី ជាតំណាងអយ្យការសវនាការ បានចោទប្រកាន់ជនជាប់ចោទទី១ឈ្មោះ ហ៊ុយ ហឿន ភេទប្រុស អាយុ ៣៨ឆ្នាំ តួនាទីជានាយរងផ្នែកសិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល ការិយាល័យកម្មសិទ្ធិបញ្ញា (ក៣) នៃនាយកដ្ឋាននគរបាលប្រឆាំងបទល្មើស សេដ្ឋកិច្ច ក្រសួងមហាផ្ទៃ និងទី២ឈ្មោះ ឯម កុសល ភេទប្រុស អាយុ ៣៥ឆ្នាំ (នៅក្រៅឃុំ) តួនាទីជានគរបាល ការិយាល័យកម្មសិទ្ធិបញ្ញា (ក៣) នៃនាយកដ្ឋាននគរបាលប្រឆាំងបទល្មើស សេដ្ឋកិច្ច ក្រសួងមហាផ្ទៃ ពីបទ វីតិក្រម ប្រព្រឹត្តកាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧ នៅចំណុចហាងកាហ្វេ តាមបណ្តោយផ្លូវ៩៨ កែងនឹងផ្លូវព្រះស៊ីសុវត្ថិ ខណ្ឌដូនពេញ យោងតាមមាត្រា ៣២ នៃច្បាប់ស្តីពី ការប្រឆាំងអំពើពុករលួយ និងមាត្រា ៥៩២ និងមាត្រា ៥៩៣ នៃក្រមព្រហ្មទណ្ឌ។

នៅក្នុងសវនាការកាលពីរសៀលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៧ កន្លងទៅ ជនជាប់ចោទឈ្មោះ ឯម កុសល បានបដិសេធថាខ្លួន មិនបានប្រព្រឹត្តដូចការចោទប្រកាន់ឡើយ។

ប៉ុន្តែបើយោងតាម សេចក្តីប្រកាសរបស់ អង្គភាពប្រឆាំងអំពើពុករលួយ ចុះថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧ បានបញ្ជាក់ថា ជនជាប់ចោទឈ្មោះ ឯម កុសល មានឋានន្តរសក្តិវរសេនីយ៍ទោ មន្ត្រីនគរបាលប្រឆាំង បទល្មើស ក៏បានចូលរួមក្នុងសកម្មភាពទារប្រាក់ខុសច្បាប់នេះផងដែរ។

ចំណែកជនជាប់ចោទឈ្មោះ ហ៊ុយ ហឿន បានឆ្លើយប្រាប់អង្គភាពប្រឆាំងអំពើពុករលួយថា ខ្លួន និងជនជាប់ចោទឈ្មោះ ឯម កុសល បានដើរយកលុយខែខុសច្បាប់ជាអាជីវករ ជាម្ចាស់សហគ្រាស និងក្រុមហ៊ុន នៅក្នុងរាជធានីភ្នំពេញ និងបណ្ដាខេត្តមួយចំនួនទៀត ជាង១០០កន្លែង ដោយបានលុយប្រមាណពី ២០០០ ទៅ៣០០០ដុល្លារ ក្នុងមួយខែៗ៕

Loading...