Post News Media ព័ត៌មានជាតិ រន្ធត់! ឌ្រីម...

រន្ធត់! ឌ្រីមបើកបុកគោយន្ត ស្លាប់ម្នាក់នៅកំពង់ចាម!

កំពង់ចាម: លោកវរសេនីយ៍ឯក កែវ ស៊ាងហ៊ាន់ អធិការស្រុកព្រៃឈរ បានប្រាប់Post News ថា នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងម៉ូតូ បើកបុកគោយន្ត បណ្តាលឲ្យភាគីខាងម៉ូតូដេកស្លាប់ លើកំណាត់ផ្លូវលំ ត្រង់ចំណុចវាលស្រែ ភូមិក្លែងពណ៌ ឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។

ម្ចាស់ម៉ូតូជាជនរងគ្រោះមានឈ្មោះ មឿន ចាន់តារា ភេទប្រុស អាយុ២៤ឆ្នាំ ស្នាក់នៅភូមិស្លែង ឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម បើកម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៧ ពាក់ស្លាកលេខ កំពង់ចាម 1R-7804។ ចំណែកម្ចាស់គោយន្តមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ។

មុនពេលកើតហេតុ គេឃើញម្ចាស់ម៉ូតូជាជនរងគ្រោះ ធ្វើដំណើរបញ្រ្ចាសទិសគ្នានឹងគោយន្ត បើកក្នុងល្បឿនលឿន​ ទើបជ្រុលចង្កូតទៅបុកគោយន្តពេញទំហឹង បណ្តាលឲ្យម្ចាស់ម៉ូតូដេកស្លាប់​ នៅនឹងកន្លែងកើតហេតុតែម្តង។ រីឯម្ចាស់គោយន្តបានគេចខ្លួនបាត់ភ្លាមៗតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចបាននាំយកវត្ថុតាង មករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់។ ចំណែកសាកសពប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

Loading...