ព័ត៌មានជាតិ

Update៖ យុវជនម្នាក់ចងកសម្លាប់ខ្លួន ដោយមិនដឹងមូលហេតុ

ភ្នំពេញ: យុវជនមិនស្គាល់អត្តសញ្ញាណម្នាក់ បានចងកសម្លាប់ខ្លួនជាមួយខ្សែនីឡុងជាប់ដើមស្នាយ ដោយមិនដឹងមូលហេតុនោះទេ ដែលហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីវេលាម៉ោង៤ទៀបភ្លឺ ថ្ងៃទី១៩ខែធ្នូ ឆ្នាំ២០១៧ ស្ថិតតាមផ្លូវបេតុងទល់មុខផ្ទះប្រជាពលរដ្ឋ ក្នុងភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

រហូតមកទល់ពេលនេះ សពជនរងគ្រោះ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ។

ប្រភពពត៌មានពីស្ត្រីម្នាក់ ដែលលក់បាយ និងស៊ុបមីនៅក្បែរកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុវេលាម៉ោង៤ទៀបភ្លឺ គាត់បានភ្ញាក់តែមិនទាន់ក្រោកចេញពីដំណេកលឮសូរសំឡេងអ្នកដែលហាត់ប្រាណនិយាយគ្នាថា ឃើញខ្មោចចងក ដោយសពជនរងគ្រោះ ស្លៀកខោជើងវែងពណ៌ទឹកក្រូច អាវក្រណាត់ដៃវែងក្រឡាការូខ្មៅលាយផ្ទៃមេឃ អាយុប្រហែលជាង២០ ឆ្នាំ សម្បុរខ្មៅ កម្ពស់ប្រហែល១.៦១ម៉ែត្រ។

ក្រោយទទួលបានដំណឹងសមត្ថកិច្ចមូលដ្ឋាន បានចុះទៅដល់កន្លែង និងធ្វើកោសល្យវិច័យសព ឃើញថាសពយុវជនខាងលើ ពិតជាស្លាប់ដោយចងកសម្លាប់ខ្លួនប្រាកដមែន បច្ចុប្បន្នសពត្រូវបានតម្កល់ទុក នៅក្នុងវត្តទួលសង្កែ ដើម្បីរងចាំសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់