Post News Media ព័ត៌មានជាតិ ព្រឹកនេះ តុលា...

ព្រឹកនេះ តុលាការកាត់ទោសក្រុមចោរប្លន់ ឆ្លងខេត្ត​យ៉ាងកក្រើក រហស្សនាមក្រៃថោង

កណ្តាល: សាលាដំបូងខេត្តកណ្តាល​ នៅព្រឹកថ្ងៃទី១៩​ ខែធ្នូ​ ឆ្នាំ២០១៧​ នេះ បានបើកសវនាការសំណុំរឿងក្រុមចោរប្លន់ ឆ្លងខេត្តយ៉ាងកក្រើកចំនួន៥នាក់​ ដែលមានរហស្សនាមក្រៃថោង​។

សវនាការនេះ​ ដឹកនាំដោយលោក​ សាយ​ សម្ផស្សសេរី​ ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ​ លោក​ គឹម​ ម៉េង​ លោក​ ទី​ សំណាង​ ជាសមាជិកក្រុមប្រឹក្សា​ និង​ លោក​ សំ​ ឫទ្ធីវាសនា​ ជាតំណាងអយ្យការ​ ខណ:ដែលសវនាការនេះ​ អនុរក្សពន្ធនាគារ​ មានការយាមកាមយ៉ាងតឹងរឹងផងដែរ​ ។

ក្រុមចោរប្លន់ទាំងនេះ​ គឺ​មានសំណុំរឿងប្លន់ជាច្រើនករណី​ ហើយថ្មី​ៗនេះ​ ពួកគេធ្លាប់ត្រូវបានផ្តន្ទាទោសម្តងរួចម្តងហើយ​ ដោយដាក់ពន្ធនាគារម្នាក់ៗ៨ឆ្នាំ​ ។

សូមរំឭកជាថ្មីម្ដងទៀតថា កាលពីល្ងាចថ្ងៃទី ៧ ខែ មីនា ឆ្នាំ២០១៧ សមត្ថកិច្ចនគរបាលខេត្ដកណ្ដាលបានបង្ហាញមុខក្រុមចោរប្លន់ប្រដាប់អាវុធ ១០ នាក់ ដែលកន្លងមក ធ្លាប់បានធ្វើសកម្មភាពប្លន់ យ៉ាងកក្រើកនៅក្នុងភូមិសាស្ត្រ ខេត្ដមួយចំនួន ។

នគរបាលបានថ្លែងថា ក្រុមចោរទាំង១០នាក់ ដែលត្រូវបង្ហាញមុខនៅថ្ងៃនេះ រួមមាន ទី១.ឈ្មោះ ឈឹម សុផល ទី២.ឈ្មោះ ស្រី ស្រាន់ ហៅ ជាតិ ភេទប្រុស អាយុ២៣ ទី៣.ឈ្មោះ ហ៊ីង នី ហៅ ប៉េន ហៅ អា មមីស (ជាមេក្លោង) ទី៤.ឈ្មោះ ហ៊ុត ហាន ហៅតូច ភេទប្រុស អាយុ៣៥ឆ្នាំ ទី៥.ឈ្មោះ ហ៊ុល សុធីហៅផាន់ គឹមយន់ ហៅក្រៃថោង (ជាមេក្លោង) ទី៦.ឈ្មោះ ឆៃណាន ភិរម្យ ហៅ ណាល់ នឿន ភេទប្រុស អាយុ៣៥ឆ្នាំ ទី៧.ឈ្មោះ ជឿន ចិន្ដា អាយុ៣៥ឆ្នាំ ទី៨.ឈ្មោះ ហ៊ិន ចាន់ថា ភេទប្រុស អាយុ៣១ឆ្នាំ ទី៩.ឈ្មោះ ហៀង សុផា និងទី១០.ឈ្មោះ ឃឿន បុរី ភេទប្រុស អាយុ៣៧ឆ្នាំ ។

លោក រឿន ណារ៉ា ស្នងការរងបានថ្លែងទៀតថា ប្រតិបត្ដិការបង្រ្កាបឃាត់ខ្លួនក្រុមចោរប្លន់ ជាលក្ខណ:ទ្រង់ទ្រាយធំនេះ ធ្វើឡើងផ្ដើមចេញក្រោយពីកើតមានករណីប្លន់ប្រដាប់អាវុធទៅលើផ្ទះផ្ទេរប្រាក់វីងមួយកន្លែង នៅភូមិសាស្ត្រឃុំព្រែកតាកូវ ស្រុកខ្សាច់កណ្ដាល ខេត្ដកណ្ដាល កាលពីយប់ថ្ងៃទី ១២ ខែ ធ្នូ ឆ្នាំ២០១៥ ។

ក្រុមចោរប្លន់ទាំង១០នាក់ខាងលើនេះ ត្រូវបានឃាត់ខ្លួនជាបន្ដបន្ទាប់ចាប់តាំងពីថ្ងៃទី ២៥ ខែកុម្ភ: ឆ្នាំ ២០១៦ រហូតដល់ថ្ងៃទី ៧ ខែមីនា ឆ្នាំ ២០១៧ នេះ នៅក្នុងភូមិសាស្រ្ដខេត្ដកណ្ដាល ខេត្ដកំពង់ចាម និងនៅរាជធានីភ្នំពេញ ។

ក្នុងប្រតិបត្ដិការបង្រ្កាបឃាត់ខ្លួនក្រុមចោរខាងលើនេះ សមត្ថកិច្ច បានធ្វើការដកហូត កាំភ្លើងខ្លី ម៉ាកK៥៩ ចំនួន១ដើម និងម៉ូតូ៥គ្រឿង ជាមធ្យោបាយជិះធ្វើសកម្មភាព ។

លោកបានបន្តបញ្ជាក់ថាទៀថា ក្រុមចោរទាំងនេះជាមុខសញ្ញាប្លន់ប្រដាប់អាវុធដ៏សកម្ម កន្លងមកធ្លាប់ធ្វើសកម្មភាព ប្លន់នៅខេត្ដមួយចំនួនក្នុងព្រះរាជាណាចក្រកម្ពុជា ហើយក៏ធ្លាប់ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបញ្ជូនទៅកាន់ពន្ធនាគារជាច្រើនលើកច្រើនសារផងដែរ៕

Loading...