Post News Media ព័ត៌មានជាតិ អុញនោះ! ចូលដេ...

អុញនោះ! ចូលដេកក្នុងផ្ទះសំណាក់យីហោ «ត្រពាំងថ្លឹងមនោរម្យ »មួយយប់ ចេញមកវិញបាត់ម៉ូតូ

ភ្នំពេញ: យុវជនម្នាក់រួមដំណើរជាមួយស្ត្រី២នាក់ទៀត បាននាំគ្នាធ្វើដំណើរទៅកាន់ប៉ុស្ដិ៍នរគបាលចោមចៅ១ កាលពីវេលាម៉ោង២និង៤០នាទី រសៀលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧ ដើម្បីដាក់ពាក្យបណ្ដឹងសុំឲ្យនគរបាល ជួយអន្តរាគមន៍ដោយបានប្រាប់ថា ពួកខ្លួនបានចូលទៅដេកនៅក្នុងផ្ទះសំណាក់មួយកន្លែងយីហោ ត្រពាំងថ្លឹងមនោរម្យ រួចបានបាត់ម៉ូតូ១គ្រឿង តែខាងសន្តិសុខនិងខាងផ្ទះសំណាក់មិនទទួលខុសត្រូវ។

ហេតុការណ៍នេះកើតឡើងនៅម៉ោង៨និង១០នាទីព្រឹក ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចផ្ទះសំណាក់យីហោ ត្រពាំងថ្លឹងមនោរម្យ ដែលមានទីតាំងស្ថិតនៅក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ម៉ូតូដែលបាត់នោះ ម៉ាកស៊ុយសាគីនិច ពណ៌ស លាយលឿង ស៊េរី២០១៣ ពាក់ស្លាកលេខ ភ្នំពេញ1CB-9620 ជាកម្មសិទ្ធិរបស់យុវជនម្នាក់ឈ្មោះ ប៉ែន វិបុល អាយុ២២ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅផ្ទះជួល ភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត នៅក្នុងភូមិតាហ៊រ ឃុំថ្កូវ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ ចំណែកម្ចាស់ផ្ទះសំណាក់ មិនត្រូវបានស្គាល់ឈ្មោះទេ ប៉ុន្តែសន្តិសុខយាមនៅទីនោះឈ្មោះ ខុប វុទ្ធា អាយុ២៨ឆ្នាំ មានស្រុកកំណើត នៅក្នុងភូមិពុកឫស្សីក្រោម ឃុំពុកឫស្សី ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ត្រូវបាននគរបាលហៅទៅធ្វើការសាកសួរ និងដោះស្រាយគ្នាជាមួយម្ចាស់ម៉ូតូផងដែរ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា កាលពីវេលាយប់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៧ ស្ត្រី២នាក់បានជិះម៉ូតូមួយគ្រឿងបានចូលទៅ ដេកនៅផ្ទះសំណាក់ យីហោ ត្រពាំងថ្លឹងមនោរម្យនោះ លុះដល់វេលាម៉ោងជាង២យប់រំលងអធ្រាត្រឈានចូលថ្ងៃទី១៨ ទើបយុវជនដែលជាម្ចាស់ម៉ូតូបានជិះម៉ូតចូលទៅកាន់ផ្ទះសំណាក់នោះ។ ពេលទៅដល់បានប្រាប់សន្តិសុខថា សុំជួបចែខ្ញុំ២នាក់ ដែលដេកនៅខាងក្នុង ពេលនោះសន្តិសុខបានអនុញ្ញាតឲ្យចូលហើយយុវជននោះបានផ្ញើម៉ូតូជាមួយសន្តិសុខត្រឹមត្រូវថែមទៀតផង រួចទើបចូលទៅដេករហូតដល់ព្រឹកឡើងទើបចេញមកវិញស្រាប់តែបាត់ម៉ូតូ ទើបមានការភ្ញាក់ផ្អើលហើយមិនបានប្ដឹងនគរបាល ភ្លាមៗនោះទេដោយបានសម្របសម្រួលគ្នា ប៉ុន្តែដោយសារតែខាងម្ចាស់ផ្ទះសំណាក់និងសន្តិសុខមិនព្រមទទួលខុសត្រូវទើប ២ថ្ងៃក្រោយគឺនៅថ្ងៃទី១៩ ខែធ្នូ ម្ចាស់ម៉ូតូបានទៅដាក់ពាក្យបណ្ដឹងឲ្យនគរបាលជួយអន្តរាគមន៏ ហើយនៅមិនទាន់ដឹងថាតើត្រូវរ៉ូវគ្នាបែបណាឡើយ៕

Loading...