ព័ត៌មានជាតិ

យុវជនម្នាក់ បុកគោយន្តកន្ត្រៃស្លាប់ នៅបន្ទាយមានជ័យ

បន្ទាយមានជ័យ: យុវជនម្នាក់បានស្លាប់ អំទ្បុងពេលបញ្ជូនទៅដល់មន្ទីរពេទ្យ បន្ទាប់ពីជិះម៉ូតូយ៉ាងលឿន ទៅបុកនឹងទ្រុងគោយន្តកន្ត្រៃបត់ឆ្វេង ចុះពីផ្លូវជាតិ។

ហេតុការណ៍នេះ កើតឡើងនៅម៉ោងប្រមាណ០៦និង២០នាទី យប់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧ លើកំណាត់ផ្លូវជាតិលេខ៥៦A ចំណុចផ្លូវកោងចូលភូមិប្រិយ៍ ក្នុងឃុំទ្រាស់ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។

មន្ត្រីនគរបាលចរាចរផ្លូវគោកនៃអធិការដ្ឋាននគរបាលស្រុកស្វាយចេកបានឲ្យដឹងថា ម៉ូតូបានបើកបរក្នុងល្បឿនលឿន ក្នុងទិសដៅច្រាស់ទិសគ្នា ជាមួយគោយន្តកន្ត្រៃ។ លុះមកដល់ចំណុចកើតហេតុ ក៏បានបុកជាមួយគោយន្តកន្ត្រៃពេញទំហឹង ខណ:គោយន្តកំពុងឆ្លងផ្លូវជិតផុត បត់ចូលផ្លូវលំក្នុងភូមិខាងលើ។

ជនរងគ្រោះជាអ្នកបើកបរម៉ូតូ មានឈ្មោះ វ៉ាត​ វីរះ​ ភេទប្រុស​ អាយុ២៣ឆ្នាំ​ រស់នៅភូមិស្រះជ្រៃ​ ឃុំន្ទាយឆ្មារ​ ស្រុកថ្មពួក​ បានស្លាប់គ្រាដែលបញ្ជូនដល់មន្ទីរពេទ្យបង្អែក ចំណែកអ្នកបើកបរគោយន្តបានគេចខ្លួនបាត់។

ក្រោយកើតហេតុ នគរបាលចរាចរណ៍ បានធ្វើការវាស់វែង និងរឹបអូសយកគោយន្ត និងម៉ូតូរងគ្រោះ មករក្សាទុកនៅអធិការដ្ឋានស្រុកស្វាយចេក ដើម្បីរងចាំដោះស្រាយនៅពេលក្រោយ៕

មតិយោបល់