ព័ត៌មានជាតិ

ជិះម៉ូតូទៅបុករថយន្តមិនចាំម៉ាក របួសធ្ងន់២នាក់ នៅតាកែវ

តាកែវ: នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តនិងម៉ូតូ បណ្តាលឲ្យអ្នកបើកម៉ូតូនិងអ្នករួមដំណើរ រងរបួសធ្ងន់ចំនួន២នាក់ ស្ថិតលើផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រលេខ៧៤-៧៥ ភូមិអង្គតាសោម ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ។

អ្នកបើកម៉ូតូឈ្មោះ រី ចាន់ ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបរកសិករ(របួសធ្ងន់) និងអ្នករួមដំណើរម្នាក់ឈ្មោះ សៀង ពិសិដ្ឋ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរកិសិករ(របួសធ្ងន់) ទាំងពីរនាក់ស្នាក់នៅភូមិធំ ឃុំភ្នំដិន ស្រុកគិរីវង់ ខេត្តតាកែវ បានធ្វើដំណើរខ្វែងទិសនឹងរថយន្តមិនចាំម៉ាក រួចក៏ជ្រុលចង្កូតទៅបុករថយន្តនោះពេញទំហឹង បណ្តាលឲ្យរងរបួសធ្ងន់ទាំងពីរនាក់តែម្តង។ រីឯម្ចាស់រថយន្តបានគេចខ្លួនបាត់ស្រមោល។

ក្រោយកើតហេតុ សមត្ថកិច្ចបាននាំយកវត្ថុតាងមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកត្រាំកក់ ដើម្បីធ្វើការដោះស្រាយបន្តតាមផ្លូវច្បាប់៕

មតិយោបល់