ព័ត៌មានជាតិ

បញ្ជូនខ្លួនមេធាវី អ៊ិត ពិសិដ្ឋរង្សី ទៅតុលាការ ក្រោយពីបាញ់គេរងរបួស ក្បែរផ្ទះមេនគរបាល

ភ្នំពេញ: ក្រោយពីបានឃាត់ខ្លួន ដើម្បីកសាងសំណុំរឿង នៅអធិការដ្ឋានខណ្ឌ៧មករា ចប់សព្វគ្រប់ នៅព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៧នេះ សមត្ថកិច្ចបានបញ្ជូនខ្លួនលោកមេធាវី អ៊ិត ពិសិដ្ឋរង្សី ទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមច្បាប់ ពាក់ព័ន្ធបទល្មើស ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងបទ ប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត។

យោងតាមប្រភពពីសមត្ថកិច្ចខណ្ឌ ៧មករា បានឱ្យដឹងថា កាលពីយប់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៧ មានករណីបាញ់បោះ សេរីមួយបានកើតឡើង នៅចំណុច ហាងមីទារខ្វៃ មុខពហុកីឡដ្ឋានជាតិអូឡាំពិក ក្នុងសង្កាត់វាលវល់ ខណ្ឌ៧មករា ក្បែររបងផ្ទះ របស់ឯកឧត្តម នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បង្កឡើងដោយជនសង្ស័យខាងលើ បណ្តាលឱ្យជនងគ្រោះម្នាក់ឈ្មោះ លី តុលា ភេទប្រុស អាយុ ២២ឆ្នាំ ត្រូវចំមេជើងស្ដាំ។

ក្រោយបាញ់ចំជនរងគ្រោះឈ្មោះ លី តុលា ជនសង្ស័យបាន គំរាមបាញ់សម្លាប់ជនរងគ្រោះម្នាក់ទៀត ឈ្មោះ សិដ្ឋ ដែលព្យាយាមជួយ ជនរងគ្រោះឈ្មោះ លី តុលា។

ក្រោយកើតហេតុ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ ជាមួយរថយន្តម៉ាក Lexus 470 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AP-8254 មួយគ្រឿង និងដកហូតបាន អាវុធខ្លី ម៉ាក GLOCK មួយដើម មានគ្រាប់ចំនួន ១០គ្រាប់ សំបកគ្រាប់ចំនួន ២ និងបង់មួយ។

យោងតាមសមត្ថកិច្ច ជនសង្ស័យបានសារភាពថា នៅមុនពេលកើតហេតុខ្លួនបានជិះរថយន្តម៉ាក Lexus 470 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AP-8254 ចេញពីហូបការគេនៅម្តុំផ្សារដើមគរ ទៅផឹកស៊ីបន្តជាមួយមិត្តភក្តិ នៅហាងមីទាខ្វែ ម្តុំផ្លូវលេខ២១១ កែងផ្លូវ២១៧ សង្កាត់វាលវង់ ខណ្ឌ៧មករា។ ក្រោយពីផឹកស៊ីរួចក៏មានការ បង្អាប់គ្នាលេង រហូតមានរឿងបាញ់នេះតែម្តង។

សូមបញ្ជាក់ថា លោក អ៊ិត ពិសិដ្ឋរង្សីភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរ មេធាវី មានទីលំនៅផ្ទះលេខ៥៨៣ ផ្លូវលេខ១០១៩ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ មានអត្តលេខ ៩៩១ បានក្លាយជាមេធាវីពេញសិទ្ធិកាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៦ ក្រោយពីលោកបានធ្វើសម្បថកាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៥។

បើយោងតាមមាត្រា ២១៧ និងមាត្រា ២១៨ នៃក្រមព្រហ្មទណ្ឌ បទ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ដោយមានប្រើប្រាស់អាវុធ ឬគំរាមកំហែងនឹងអាវុធ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ២ឆ្នាំ ទៅ ៥ឆ្នាំ និងពិន័យជាប្រាក់ ពី៤លាន ទៅ១០លានរៀល។

ចំណែកមាត្រា ៤៩០ នៃក្រមព្រហ្មទណ្ឌបានចែងថា បទ កាន់កាប់ ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៦ខែ ទៅ៣ឆ្នាំ និងពិន័យជាប្រាក់ពី ១លាន ទៅ៦លានរៀល៕

មតិយោបល់