ព័ត៌មានជាតិ

ឃាត់ខ្លួនបុគ្គលិកម្នាក់ ពាក់ព័ន្ធករណីលួចលុយក្រុមហ៊ុនកាស៊ីណូផារ៉ាម៉ិច

បន្ទាយមានជ័យ: យោងតាមពាក្យបណ្តឹងរបស់ឈ្មោះ គីទីផុន ប៊ូណយ ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិថៃ ស្នាក់នៅបណ្តោះអាសន្នក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មុខរបរប្រធានក្រុមហ៊ុនកាស៊ីណូ ផារ៉ាម៉ិច ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៧ ស្តីពីការបាត់បង់ប្រាក់ចំណូលរបស់ក្រុមហ៊ុន។

បន្ទាប់ពីទទួល បានបណ្តឹង មន្ត្រីជំនាញកងរាជអាវុធហត្ថខេត្ត សហការជាមួយអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលផ្នែកយុត្តិធម៌ បានចុះស្រាវជ្រាវដល់កន្លែងកើតហេតុ។

លុះដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៧ មន្ត្រីជំនាញកងរាជអាវុធហត្ថ រកឃើញមុខសញ្ញាជនសង្ស័យ រួចដាក់សំណើទៅលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត នៅវេលាម៉ោង៤និង៣៦នាទីរសៀល ថ្ងៃខែឆ្នាំដដែល កងកម្លាំងអាវុធហត្ថបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ យកមកសាកសួរ និងស៊ើបអង្កេតលើអង្គហេតុបន្ត។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ បានបញ្ជាក់ថា ជនសង្ស័យមានឈ្មោះ ធីរ៉ាផាត់ ទីឆាគុណ ភេទប្រុស អាយុ២៦ឆ្នាំ មានស្រុកកំណើត នៅខេត្តឈៀងម៉ៃ ប្រទេសថៃ បច្ចុប្បន្នស្នាក់នៅខេត្តបវ័ញ្ច ប្រទេសថៃ ជាបុគ្គលិកផ្នែកគ្រប់គ្រងទិន្នន័យហិរញ្ញវត្ថុក្នុងក្រុមហ៊ុនកាស៊ីណូ ផារ៉ាម៉ិច។

តាមចម្លើយសារភាពរបស់ជនសង្ស័យថា ខ្លួនពិតជាបានលួចផ្ទេរប្រាក់របស់ក្រុមហ៊ុនជាច្រើនលើកកន្លងមកនេះ ចាប់តាំងពីដើមខែធ្នូ ឆ្នាំ២០១៧ រហូតមកដល់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៧ ក្នុងការផ្ទេរមួយលើកៗ យ៉ាងច្រើនបំផុត (ប្រាំម៉ឺនបាត) និងទឹកប្រាក់សរុបចំនួន(សែសិបប្រាំពីរម៉ឺន ប្រាំពាន់បាត) ហើយទឹកប្រាក់ទាំងនេះ គឺខ្លួនបានលួចផ្ទេរផ្ញើរចូលក្នុងគណនីធនាគារ របស់មិត្តភក្តិ ដែលរស់នៅប្រទេសថៃ ចំនួន៣នាក់។ ទឹកប្រាក់ទាំងអស់នោះ គឺខ្លួនមិនទាន់បានប្រើប្រាស់នៅឡើយទេ។

ក្រោយការបំភ្លឺរបស់ជនរងគ្រោះ និងចម្លើយសារភាពរបស់ជនសង្ស័យ ឃើញមានភាពស៊ីសង្វាក់គ្នាយ៉ាងជាក់លាក់ចំពោះករណីខាងលើ មន្ត្រីជំនាញកងរាជអាវុធហត្ថខេត្ត កសាងសំណុំរឿង បញ្ជូនជនសង្ស័យទៅតុលាការដើម្បីធ្វើចំណាត់ការទៅតាមនីតិវិធីច្បាប់៕

មតិយោបល់