ព័ត៌មានជាតិ

ខ្លាំងជាងរឿនចិនទៀត! សិស្សដំបូកខ្ពស់កាប់ចាក់គ្នាជាមួយសិស្សបឹងត្របែក ផ្អើលពេញសាលា!

ភ្នំពេញ: កម្លាំងនគរបាលប៉ុស្តិ៍ទន្លេបាសាក់បានធ្វើការឃាត់ខ្លួន យុវសិស្សម្នាក់ និងដកហូតបាន កាំបិតបុ័ងតោចំនួន១ដើម និងដាវសាំម៉ូរ៉ៃចំនួន១ដើមផងដែរ ក្រោយពីរូបគេនិងបក្ខពួកជាច្រើននាក់ទៀត បាននាំគ្នា ទៅបង្កជម្លោះនៅក្នុងសាលា វិទ្យាល័យបឹងត្របែកនោះ។

ហេតុការណ៍នេះដែរបានកើតឡើងកាលពីវេលាម៉ោង ១០ និង ៣០នាទីព្រឹក ថ្ងៃទី ២០ ខែ ធ្នូ ឆ្នាំ ២០១៧ នៅក្នុងសាលាវិទ្យាល័យបឹងត្របែក ផ្លូវព្រះមុនីវង្ស ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកម្លាំងសមត្ថកិច្ចបានប្រាប់ឲ្យដឹងថា យុវជនដែលឃាត់ខ្លួនមានឈ្មោះ ស.ភ.ក អាយុ១៥ឆ្នាំ សិស្សអនុវិទ្យាល័យដំបូកខ្ពស់ មានទីលំក្នុងសង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ។ មុនពេលកើតហេតុ យុវជនខាងលើរួមទាំង មិត្តភក្តិជាច្រើននាក់ និង ជិះម៉ូតូជាច្រើនគ្រឿង បាននាំគ្នាចូលមកកន្លែងលក់មីមួយកន្លែងនៅក្នុងទីតាំងសាលាវិទ្យាល័យ បឹងត្របែក និងបង្កជម្លោះជាមួយនិង ក្រុមក្មេងៗសិស្សសាលានោះ។

តាមប្រភពដដែលបានប្រាប់បន្តទៀតថា ពេលនោះ ពួកក៏ធ្វើការកាប់ចាក់គ្នា បណ្តាលឲ្យមានអ្នករងរបួសទាំងសងខាង ហើយយុវជនដែលឃាត់ខ្លួនក៏រងរបួសក្បាល និងខ្លួនផងដែរ។

ក្រោយពេលកើតហេតុ កម្លាំងមានសមត្ថកិច្ចក៏បានចុះទៅដល់កន្លែងកើតហេតុ ធ្វើការឃាត់ខ្លួនបានយុវជនម្នាក់ខាងលើ ដកហូតបាន កាំបិតបុ័ងតោចំនួន១ដើម និងដាវសាំម៉ូរ៉ៃចំនួន១ដើមផងដែរ និងបក្ខពួកជាច្រើននាក់ទៀតរត់គេចខ្លួនបាត់អស់៕

មតិយោបល់