ព័ត៌មានជាតិ

ចេញពីគុក ចូលគុកវិញដដែល!..

ឧត្តរមានជ័យ: នៅថ្ងៃពុធ ៣កើត ខែបុស្ស ឆ្នាំរកា នព្វស័កព.ស២៥៦១ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៧ សមត្ថកិច្ចបានឃាត់ខ្លួនបុរសម្នាក់ ពាក់ព័ន្ធនឹងករណីលួចគាស់ផ្ទះស្រ្តីម្នាក់ ស្ថិតក្នុងភូមិដើមជ្រៃ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។

ជនរងគ្រោះឈ្មោះ ឆែម ឃីមហង្ស ភេទស្រី អាយុ១៩ឆ្នាំ និងជនសង្ស័យឈ្មោះ ដួង ចិន ភេទប្រុស អាយុ៣៨ឆ្នាំ ទាំង២នាក់ស្នាក់នៅភូមិសង្កាត់កើតហេតុ។

មុនពេលកើតហេតុ ជនរងគ្រោះដេកក្នុងបន្ទប់ បន្ទាប់ពីត្រឡប់មកពីធ្វើការ នៅពេលយប់ក៏ឮសំឡេងគាស់ទ្វារបង្អួច ទើបទៅរកមើលក៏ឃើញជនសង្ស័យ កំពុងគាស់បង្អួច ខណ:នោះជនរងគ្រោះបានស្រែកថាចោរៗ រួចទូរសព្ទទៅសមត្ថកិច្ចដើម្បីអន្តរាគមន៍។

ក្រោយទទួលបានព័ត៌មាន កម្លាំងប៉ុស្តិ៍រដ្ឋបាលអូរស្មាច់ឃាត់ខ្លួនជនសង្ស័យបានតែម្តង ដែលជនសង្ស័យធ្លាប់ជាប់ពន្ធធានាគារ កាលពីឆ្នាំ២០១៦ពីបទលួច ទើបដោះលែងកាលពីខែតុលា ឆ្នាំ២០១៧នេះដែរ។

ក្រោយធ្វើការសាកសួរចម្លើយពីជនសង្ស័យ រូបគេមិនព្រមសារភាព ទើបកម្លាំងផែនព្រហ្មទណ្ឌ ចាត់លោកប្រធាន
ការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ចុះសហការជាមួយអធិការក្រុង ដើម្បីនាំជនសង្ស័យពីអធិការក្រុង ទៅកន្លែងកើតហេតុដើម្បីបណ្តេញចម្លើយ ទើបជនសង្ស័យព្រមសារភាព ព្រមទាំងនាំបង្ហាញកន្លែងលាក់ទុកវត្ថុតាង រួមមានកុំព្យូទ័រlabtop ចំនួន១គ្រឿង ក្បាលម៉ាស៊ីនដេរចំនួន១គ្រឿង និងអាវ ជនសង្ស័យពាក់ធ្វើសកម្មភាពចំនួន១ផងដែរ៕

មតិយោបល់