ព័ត៌មានជាតិ

(មានវីដេអូ)៖ ជើងខ្លាំងក្នុងរាជធានីភ្នំពេញ! ដើរលួចតែកញ្ចក់រថយន្តស៊េរីទំនើប៥៧០

​ភ្នំពេញ: បុរសជាជនសង្ស័យ ជាមុខសញ្ញាចោរលួចកញ្ចក់រថយន្តស៊េរីទំនើបម្នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ទួលស្វាយព្រៃទី២ ចាប់ឃាត់ខ្លួន ពេលដែលរូបគេកំពុងតែជិះម៉ូតូដើរធ្វើសកម្មភាពរកលួចកញ្ចក់រថយន្តរបស់គេនោះ។

ការចាប់ឃាត់ខ្លួនធ្វើឡើងកាលពីវេលាម៉ោង ១២ និង៣០នាទីថ្ងៃត្រង់ ទី ២០ ខែធ្នូ ឆ្នាំ២០១៧ នៅផ្លូលេខ៣៤៨ កែងនិងផ្លូវលេខ ព្រះមុនីរ៉េត ក្នុងសង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌចម្ការមន រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីមន្ត្រីនរបាលម្នាក់បានប្រាប់ឲ្យដឹងថា ជនសង្ស័យមានឈ្មោះ វង្ស ចាន់សុភ័ក្ត្រ ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ មុនពេលកើតហេតុ កម្លាំងសមត្ថកិច្ច នរគរបាលប៉ុស្តិ៍ទួលស្វាយព្រៃទី២ បានធ្វើការល្បាតនៅក្នុងមូលដ្ឋាន ក៏ស្រាប់តែបានប្រទះឃើញបុរសជាជនសង្ស័យម្នាក់ខាងលើ ដែលជាមុខសញ្ញាចាស់ដែលតែងតែជិះម៉ូតូមួយគ្រឿង ដើរធ្វើសកម្មភាពលួចកញ្ចក់រថយន្តនោះ ក៏ហៅសួរនិង ធ្វើការចាប់ឃាត់ខ្លួនតែម្តង។

តាមប្រភពដដែលបានប្រាប់បន្តទៀតថា បុរសជាជនសង្ស័យម្នាក់ ខាងលើនេះ គឺជាមុខសញ្ញាចាស់ ដែលមានតាមរយ:រូបភាពកាមេរ៉ាសុវត្ថិភាព ពេលដើរលួចកញ្ចក់រថយន្ត តាមមុខផ្ទះរបស់ជនរងគ្រោះ ជាច្រើននាក់ផងដែរ។

ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចក៏បានធ្វើការចាប់ឃាត់ខ្លួនបុរសជាជនសង្ស័យម្នាក់ខាងលើ យកមកធ្វើការសាកសួរ និង កំណត់ហេតុនៅនគរបាលប៉ុស្តិ៍ទួលស្វាយព្រៃទី២ ដើម្បីបញ្ជូនទៅកាន់អធិការដ្ឋាន នគរបាលខណ្ឌចម្ការមនចាត់ការទៅតាមផ្លូវច្បាប់ជាបន្តទៅទៀត៕

មតិយោបល់