ព័ត៌មានជាតិ

ខ្ទេចអស់រលីង ស៊េរីទំនើបផង! ជ្រុលចង្កូតពន្លះដើមឈើ និងរបងសាលាបឋមសិក្សាបឹងត្របែកខាងត្បូង ខ្ទេច!

ភ្នំពេញ: បុរសម្នាក់ បើករថយន្តម៉ាកកាមេរីហាយប្រីត ពណ៌ខ្មៅ មួយគ្រឿង ក្នុងល្បឿនលឿនពេក ជ្រុលចង្កូតទៅបុកដើមឈើនៅមុខសាលា ហើយបន្តបុករបងសាលារៀន ផុងចូលក្នុងរងការខូចខាតយ៉ាងដំណំ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៣និង៣០នាទីទៀបភ្លឺឈានចូលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅមុខរបងសាលាបឋមសិក្សាបឹងត្របែកខាងត្បូង តាមបណ្តោយផ្លូវលេខ៤៣០ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចម្ការមន រាជធានីភ្នំពេញ ។

មុនពេលកើតហេតុ គេឃើញរថយន្តមួយគ្រឿងម៉ាកកាមេរីហាយប្រីត ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2T-5253 បើកបរដោយបុរសម្នាក់ក្នុងល្បឿនលឿនពេក ជ្រុលចង្កូតទៅបុកដើមឈើខាងមុខរបងសាលា ហើយបុកជញ្ជាំងសាលាផុងចូលក្នុងអស់១ផ្ទាំង និងបាក់ដើមឈើមួយដើម។ រីឯរថយន្តវិញរងការខូចខាតផ្នែកខាងមុខរថយន្តយ៉ាងដំណំ តែសំណាងល្អមិនបង្កឲ្យមានអ្នករងរបួសហើយម្ចាស់រថយន្តបើកទ្វារថយន្តចេញពីកន្លែងកើតហេតុមួយសន្ទុះធំ ទើបឃើញត្រឡប់មកវិញ ។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះមកដល់កន្លែងកើតហេតុ ទាក់ទងទៅសម្ថកច្ចជំនាញចរាចរណ៍ក្រុងឲ្យមកធ្វើការវាស់វែងស្ទូចយករថយន្តបង្កទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយទៅតាមនិតិវិធីច្បាប់បន្តទៀត ៕

មតិយោបល់