ព័ត៌មានជាតិ

លួចបានទាំងកាបូបនិងម៉ូតូ ចេញពីក្លឹបហាត់ប្រាណ គីញគុង ចង្រៃមកអស់លក្ខណ៍ត្រឹម អាយឃ្លោត!

ភ្នំពេញ: ជនសង្ស័យម្នាក់ បានលួចកាបូបស្ពាយ និងម៉ូតូមួយគ្រឿងពីបុរសម្នាក់ដែលកំពុងចូលទៅហាត់ប្រាណបានសម្រេច កាលពីវេលាម៉ោង៦និង១០នាទីល្ងាច ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៧ត្រង់ចំណុចកន្លែងហាត់ប្រាណយីហោ គីញគុង តាមបណ្តោយផ្លូវ២៥៣ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក ហើយជនសង្ស័យបានជិះរត់គេចខ្លួនបាត់តែក៏ត្រូវបានជនរងគ្រោះឆែកប្រព័ន្ធអាយឃ្លោតនៅជាប់នឹងទូរសព្ទដែលនៅក្នុងកាបូប ហើយដេញតាមរហូតទើបអាចចាប់ឃាត់ខ្លួនបានជនសង្ស័យខាងលើនៅត្រង់ចំណុចខាងមុខហាងសាច់អាំង១៦៨ តាមបណ្តោយផ្លូវ២០០៤ ស្ថិតក្នុងសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។

ជនរងគ្រោះមានឈ្មោះ ម៉ា វីន ភេទប្រុស អាយុ២៣ឆ្នាំ ជានិសិត្ស ស្នាក់នៅសង្កាត់អូបែកក្អម ខណ្ឌសែនសុខ ជាម្ចាស់ម៉ូតូម៉ាក ZOOMER-X ពណ៌ខ្មៅលាយស ពាក់ស្លាកលេខភ្នំពេញ 1DM-1627។ ចំណែកជនសង្ស័យមានឈ្មោះ មិត្ត សុវណ្ណារ៉ា ភេទប្រុស អាយុ២៧ឆ្នាំ ជានិសិត្ស ស្នាក់នៅផ្ទះលេខ៥៨ ផ្លូវលំ សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។

តាមប្រភពព័ត៌មានពីជនរងគ្រោះបានឲ្យដឹងថានៅ មុនពេលកើតហេតុគាត់បានចូលទៅជិះម៉ូតូចូលទៅហាត់ប្រាណនៅក្នុងកន្លែងកើតហេតុខាងលើដោយបានផ្ញើម៉ូតូត្រឹមត្រូវ ហើយក៏ចូលទៅហាត់ប្រាណដោយទុកកាបូបស្ពាយចោល ស្រាប់តែមួយសន្ទុះក្រោយមកក៏មិនឃើញកាបូបរបស់ខ្លួនដែលមានកាបូបលុយ ទូរសព្ទ IPone 6Plus មួយគ្រឿងនិងរបស់របរផ្សែងៗ ហើយជនរងគ្រោះក៏បានទៅសុំកាមេរ៉ាសុវត្ថិភាពរបស់ក្លឹបហាត់ប្រាណមើល។

លុះក្រឡេករកមើលម៉ូតូម្តង ស្រាប់តែបាត់ទៀត ទើបបង្កឲ្យមានការណ៍ភ្ញាក់ផ្អើលដល់សមត្ថកិច្ចមូលដ្ឋាន តែសំណាងល្អដែលទូរស័ព្ទនៅក្នុងកាបូបស្ពាយរបស់ជនរងគ្រោះដែលត្រូវជនសង្ស័យលួចយកទៅនោះ មានភ្ជាប់ប្រព័ន្ធអាយឃ្លោត ហើយភា្លមៗនោះជនរងគ្រោះក៏បានឆែកមើលនិងដើររកជនសង្ស័យ ជាមួយនិងសមត្ថកិច្ចរហូតដល់ត្រង់ចំណុចខាងលើ ប្រព័ន្ធអាយឃ្លោតក៏បានចង្អុលបង្ហាញថាទូរសព្ទរបស់ជនរងគ្រោះនៅក្នុងកែបម៉ូតូមួយគ្រឿងម៉ាក ធូដេ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ1DG-6050ដែលឈប់ចតនៅខាងមុខហាងសាច់អាំងខាងលើ ស្របពេលជនសង្ស័យរូបនោះដើរមកយកម៉ូតូ ក៏ត្រូវសមត្ថកិច្ចក្របួចជាប់តែម្តង៕

មតិយោបល់