Post News Media ព័ត៌មានជាតិ ជិះDuke និងឌ្...

ជិះDuke និងឌ្រីម០១៨ចេញឆក់ មានអីជាប់ខ្នោះ!

ភ្នំពេញ: នៅថ្ងៃពុធ ៣កើត ខែបុស្ស ឆ្នាំរកា នព្វស័កព.ស២៥៦១ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៧
វេលាម៉ោង៩និង២០នាទីព្រឹក កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទលួចមានស្ថានទម្ងន់ទោស ខណ:ឆក់កាបូបស្ត្រីម្នាក់មិនបានសម្រេច។

ករណីនេះបានកើតឡើង នៅខាងមុខផ្ទះលេខ១៥៩ ផ្លូវលេខ១៨២ ក្រុមទី២២ ភូមិ៥ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ ប្រាក់ សុវត្ថារិទ្ធ ហៅប៉ែត ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

វត្ថុតាងដែលដកហូតបាន រួមមាន ម៉ូតូមួយគ្រឿង ម៉ាកDuke ពណ៌ខ្មៅលាយស គ្មានស្លាកលេខ និង ជនរងគ្រោះពុំស្គាល់អត្តសញ្ញាណនោះទេ ភេទស្រី អាយុ២៧ឆ្នាំ ជនជាតិខ្មែរ ជិះម៉ូតូរម៉កកង់បី ក្រោយកើតហេតុជិះចេញទៅបាត់ ដោយពុំបានដាក់ពាក្យបណ្ដឹងនោះទេ។

មុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូរម៉កកង់បី តាមបណ្ដោយផ្លូវលេខ១៨២ ពីកើតទៅលិច លុះដល់ចំណុចកើតហេតុ ស្រាប់តែជនសង្ស័យ និងបក្ខពួក២នាក់ទៀត ឈ្មោះ អានា ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ និងឈ្មោះ អានាថ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ ជិះម៉ូតូ២គ្រឿង ម៉ាកDuke និងម៉ាកហុងដាសេ១២៥ ស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅ ខណ:នោះជនសង្ស័យឈ្មោះ អានា ជាអ្នកបើកម៉ូតូ និងជនសង្ស័យឈ្មោះ ប្រាក់ សុវត្ថារិទ្ធ ជាអ្នកជិះពីក្រោយ បានជិះម៉ូតូមកអែបខាងឆ្វេងដៃជនរងគ្រោះ រួកក៏ឆក់កាបូបពីដៃជនរងគ្រោះ តែត្រូវជនរងគ្រោះឃើញទាន់ ក៏ស្រែកថាចោរៗ ភ្លាមនោះត្រូវបានអ្នកធ្វើដំណើរតាមផ្លូវជិះម៉ូតូដេញតាម ជនសង្ស័យទាំង៣នាក់ រហូតមកដល់ផ្លូវលេខ១៤៦ សង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទលគោក រាជធានីភ្នំពេញ ជនសង្ស័យឈ្មោះ ប្រាក់ សុវត្ថារិទ្ធ ត្រូវបានឡានអ្នកដំណើរតាមផ្លូវជិះគៀបណ្ដាលឲ្យដួលម៉ូតូ ទើបសមត្ថកិច្ចធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ ប្រាក់ សុវត្ថារិទ្ធ បានតែម្តង។ ចំណែកបក្ខពួក២នាក់ ទៀតបានជិះម៉ូតូហុងដាស៊េរី២០១៨ ពណ៌ខ្មៅ គេចខ្លួនបាត់។

បច្ចុប្បន្ន ជនសង្ស័យឈ្មោះ ប្រាក់ សុវត្ថារិទ្ធ ហៅប៉ែត្រ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរ និងស្រាវជ្រាវរកបក្ខពួកបន្ត ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប៕

Loading...