Post News Media ព័ត៌មានជាតិ ចៅក្រមសម្រេចឃ...

ចៅក្រមសម្រេចឃុំខ្លួន តៃកុងរថយន្តបើកបុកអ្នកជិះម៉ូតូបណ្តាលឲ្យស្លាប់និងរបួស៣នាក់ ដាក់ពន្ធនាគារបណ្តោះអាសន្ន

កណ្តាល: ​លោក​ សាយ​ សម្ផស្សសេរី​ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល​ នៅល្ងាចថ្ងៃទី២១​ ខែធ្នូ​ សម្រេចឃុំខ្លួនបុរសម្នាក់ដាក់ពន្ធនាគារបណ្តោះអាសន្ន​ ដើម្បីស៊ើបសួរករណីបើករថយន្តបុកម៉ូតូបណ្តាលឲ្យស្ត្រីម្នាក់ស្លាប់នៅមន្ទីរពេទ្យ​ និង​ ស្ត្រីម្នាក់ទៀតរបួសស្រាល។

មន្ត្រីតុលាការ​ បញ្ជាក់ថា​ ជនបង្កឈ្មោះ​ ផា​ ភាស់​ ភេទប្រុស​ អាយុ៣០ឆ្នាំ​ ត្រូវបានលោក​ ទន​ សុចិត្រា​ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកណ្តា​ល​ ចោទប្រកាន់ពីបទ«បើកបរធ្វេសប្រហែល​ ខ្ជីខ្ជា​ មិនប្រុងប្រយ័ត្ន​ ឬ​ មិនគោរពកាតព្វកិច្ចបណ្តាលឲ្យរបួសអ្នកដទៃ» តាមមាត្រា៨៣ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក​ ។

មន្ត្រីដដែល​ បន្តថា​ មូលហេតុដែលលោកព្រះរាជអាជ្ញារង​ ទិន​ សុចិត្រា​ ចោទប្រកាន់តាមមាត្រា៨៣​ ដោយសារជនរងគ្រោះទើបស្លាប់នៅប្រទេសវៀតណាម​ ក្រោយតុលាការចោទប្រកាន់នេះ​ ។​ ទោះបីយ៉ាងណា​ ក្រោយទទួលដំណឹងជាក់លាក់នៃមរណភាពជនរងគ្រោះ​ តុលាការនឹងសម្រេចសាជាថ្មី​ នៃបទចោទប្រកាន់នេះ​ ។

ហេតុការណ៍ចរាចរណ៍នេះ​ កើតឡើងកាលពីថ្ងៃទី២០​ ខែធ្នូ​ ឆ្នាំ២០១៧​ ផ្លូវជាតិលេខ១ ក្នុងចន្លោះគីឡូម៉ែត្រលេខ៤២និង​៤៣ ភូមិព្រែកត្រែង២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

នគរបាល​ បញ្ជាក់ថា​ ករណីនេះកើតឡើងរវាងរថយន្តម៉ាកSSANG YONG ISTANA ពណ៌ទឹកប្រាក់
ប្រភេទដឹកអ្នកដំណើរធុនតូច ពាក់ផ្លាកលេខ ភ្នំពេញ 2AP- 6431 បើកបរដោយឈ្មោះផា ភាស់ ទិសដៅពីអ្នកលឿងទៅភ្នំពេញ ដោយដឹកអ្នកដំណើរចំនួន១២នាក់។ ពេលមកដល់ចំណុចកើតហេតុ​ បានបុកជាមួយម៉ូតូម៉ាក HONDA SCOOPY-I 110 ពណ៌ស ពាក់ស្លាកភ្នំពេញ 1W- 0914​បើកបរដោយឈ្មោះឡន ឌី ភេទស្រី អាយុ៤៨ឆ្នាំ និងអ្នករួមដំណើរម្នាក់ ឈ្មោះវ៉ន ជីវ៉ា ភេទស្រី អាយុ២៣ឆ្នាំ ដែល​បើកមានទិសដៅស្របគ្នាហើយបត់ឆ្លងកាត់ថ្នល់មកខាងឆ្វេង ។

នគរបាល​ សន្និដ្ឋានថា​ អ្នកបើកបរម៉ូតូឈ្មោះ ឡន ឌី ធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្នមិនបានពិនិត្យគ្រប់ជ្រុងជ្រោយមុន ពេលបើកឆ្លងកាត់ថ្នល់។ ចំណែកអ្នកបើករថយន្តឈ្មោះ ផា ភាស់ ធ្វេសប្រហែស មិនបាន​ពិនិត្យស្ថានភាពផ្លូវខាងមុខមានឧបសគ្គ៕

Loading...