Post News Media ព័ត៌មានជាតិ អុញនោះ! The v...

អុញនោះ! The voice KTV ក្រុងតាខ្មៅ​ ជាប់សង្ស័យអនុញ្ញាតឲ្យយុវជនសេពគ្រឿងញៀន​

កណ្តាល: The voice KTV ក្រុងតាខ្មៅ​ ត្រូវបានជនសង្ស័យ នៅក្នុងអំពើឆក់កាបូបម្នាក់​បកអាក្រាតថា​ មានការអនុញ្ញាតឲ្យយុវជនសេពគ្រឿងញៀន​។​

ពាក់ព័ន្ធនឹងបញ្ហានេះ ពលរដ្ឋក្នុងមូលដ្ឋានជាច្រើន​ បានសំណូមពរ​ ឲ្យអាជ្ញាធរចុះបង្ក្រាបទីតាំងល្មើសច្បាប់នេះផង​ ដោយអធិការនគរបាលក្រុងតាខ្មៅ​ លោក​ ស​ កែវពិសិដ្ឋ​ បាននិយាយថា នឹងចាត់វិធានការលើករណីនេះ​។

ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួកពីរនាក់​ ត្រូវបានប្រជាពលរដ្ឋ ឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ច​ ក្រោយឆក់កាបូបពីស្ត្រីម្នាក់​ កាលពីយប់ថ្ងៃទី២១​ ខែធ្នូ​ ឆ្នាំ២០១៧​ នៅចំណុចភូមិព្រែកសំរោង​ សង្កាត់តាខ្មៅ​ ក្រុងតាខ្មៅ ខេត្តកណ្ដាល​ ។

លោកវរសេនីយ៍​ ស កែវពិសិដ្ឋ អធិការនគរបាលក្រុងតាខ្មៅ បានថ្លែងថា​ ជនសង្ស័យទី១ មានឈ្មោះ រី ដារ៉ូ ភេទប្រុស អាយុ១៦ឆ្នាំ និងម្នាក់ទៀតរត់គេចខ្លួនបាត់​ ចំណែកជនរងគ្រោះវិញ ឈ្មោះ យូ សុខគង់ ភេទស្រី អាយុ៣៨ឆ្នាំ ។

ក្រោយពីឃាត់ខ្លួន​ និងសាកសួររបស់សមត្ថកិច្ច ជនសង្ស័យ​បានសារភាពថា​ គេបានទិញគ្រឿងញៀនពីចាក់អង្រែលើ​ ខណ្ឌមានជ័យ​ ក្នុងតម្លៃ១០ដុល្លារ​ យកទៅប្រើប្រាស់នៅ​ The voice KTV ផ្លូវលេខ១១០​ ភូមិថ្មី​ សង្កាត់តាខ្មៅ​ ក្រុងតាខ្មៅ​ ខណ:ជនសង្ស័យ​ បានបញ្ជាក់ថា​ យុវជនភាគច្រើនទៅប្រើប្រាស់គ្រឿងញៀននៅទីនោះ​ ដោយពុំសូវទៅច្រៀងខារ៉ាអូខេ​ ប៉ុន្មានទេ​ ។

ជុំវិញបញ្ហានេះ​ អធិការនគរបាលក្រុងតាខ្មៅ​ បានអះអាងថា​ នឹងពិនិត្យករណីនេះ​ថាតើម្ចាស់ខារ៉ាអូខេ​ ពិតជាអនុញ្ញាតឲ្យយុវជនសេពគ្រឿងញៀន​ ឬ​ ក៏យុវជនលួចលាក់ប្រើប្រាស់ដោយខ្លួនឯង​៕

Loading...