Post News Media ព័ត៌មានជាតិ លួចម៉ូតូប៉ះចំ...

លួចម៉ូតូប៉ះចំម៉ូតូមានGPS ជាប់ខ្នោះបានសម្រេច!

ភ្នំពេញ: សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ ពាក់ព័ន្ធនឹងករណីចោរកម្ម បន្ទាប់ពីបានធ្វើសកម្មភាពលួចម៉ូតូពីបុរសម្នាក់បានសម្រេច។

ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង៥និង១៥នាទីល្ងាច ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតក្នុងក្លឹបហាត់ប្រាណគីកុង ផ្លូវលេខ២៥៣ ក្រុមទី៥៣ ភូមិ៥ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះ ម៉ា លីន ភេទប្រុស អាយុ២៣ឆ្នាំ ជានិស្សិតផ្នែកធនាគារឆកមាំទី៤ ស្នាក់នៅក្នុងសកលវិទ្យាល័យមេគង្គកម្ពុជា សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
និងជនសង្ស័យឈ្មោះ មិត្ត សុវណ្ណារ៉ា ហៅទូច ភេទប្រុស អាយុ២៧ឆ្នាំ ស្នាក់នៅផ្ទះលេខ៥៨ ផ្លូវលំ សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
វត្ថុតាងដែលដកហូតបាន រួមមាន ម៉ូតូចំនួន២គ្រឿង ម៉ាកZoomer-X ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1BM-1627 ស៊េរីឆ្នាំ២០១៧ ជារបស់ជនរងគ្រោះ និងម៉ាកToday ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ1BG-6050 ជារបស់ជនសង្ស័យជិះមកធ្វើសកម្មភាព កាបូបស្ពាយពណ៌ខ្មៅចំនួន១ ដែលនៅក្នុងនោះមានទូរសព្ទចំនួន១គ្រឿង ម៉ាកiPhone6plus ពណ៌មាស ប័ណ្ណសំគាល់យានយន្តចំនួន១សន្លឹក និងកូនសោម៉ូតូរបស់ជនរងគ្រោះ។

មុនពេលកើតហេតុថ្ងៃខែដដែល វេលាម៉ោង៥និង៤៥នាទីល្ងាច ជនរងគ្រោះបានជិះម៉ូតូរបស់ខ្លួនម៉ាក Zoomer-X ម្នាក់ឯងចេញពីសកលវិទ្យាល័យមេគង្គកម្ពុជា មកហាត់ប្រាណដោយដាក់ម៉ូតូផ្ញើក្នុងក្លឹប រួចយកកន្ទុយសំបុត្រផ្ញើ ដាក់ក្នុងកាបូប ជាមួយទូរសព្ទនិងកូនសោម៉ូតូហើយក៏យកទៅ ទុកនៅក្បែរកន្លែងខ្លួនហាត់ប្រាណ ក្រោយពេលហាត់ប្រាណបានមួយសន្ទុះ ក៏ក្រឡេកមើលមកកន្លែងខ្លួនទុកកាបូបស្រាប់តែបាត់មិនឃើញ ក៏បានទៅរកមើល ម៉ូតូនៅកន្លែងផ្ញើស្រាប់តែបាត់ទៀត ភ្លាមៗនោះជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនគរបាលប៉ុស្តិ៍ទឹកល្អក់ទី១ និងឆែកមើលកាមេរ៉ាសុវត្ថិភាព ក៏ឃើញរូបជនសង្ស័យ រួមទាំងទូរសព្ទរបស់ជនរងគ្រោះមានភ្ជាប់ប្រព័ន្ធជីភីអេស ក៏ធ្វើការតាមរកឃើញជនសង្ស័យ នៅហាងសាច់អាំង១៦៨ផ្លូវ២០៤ សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ឃាត់ខ្លួនបានតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចបានបញ្ជូនជនសង្ស័យ មកអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីច្បាប់៕

Loading...