ព័ត៌មានជាតិ

Update៖ (មានវីដេអូ) មួយប៉ប្រិចភ្នែក ឆេះផ្ទះខ្ទេច!..

កំពង់ចាម: លោកវរសេនីយ៍ឯក កែវ ស៊ាងហ៊ាន់ អធិការនគរបាលស្រុកព្រៃឈរ បានប្រាប់Post Newsថា មានករណីអគ្គិភ័យមួយឆាបឆេះផ្ទះប្រជាពលរដ្ឋចំនួន២ខ្នង បណ្តាលឲ្យខូចខាតផ្ទះទាំងស្រុង និងសម្ភារ:អស់ជាច្រើន។

ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង៨យប់ ថ្ងៃព្រហស្សតិ៍ ៤កើត ខែបុស្ស ឆ្នាំរកាព.ស២៥៦១ ត្រូវនឹងថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតក្នុងភូមិលិចវត្ត ឃុំថ្មពួន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។

ម្ចាស់ផ្ទះរងគ្រោះទី១ឈ្មោះ ជៀម ពៅភេទស្រី អាយុ៥៧ឆ្នាំ ស្នាក់នៅភូមិលិចវត្ត ឃុំថ្មពូន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
បាត់បង់ផ្ទះទំហំ៨.៥គុណ៧ម៉ែត្រ សង់អំពីឈើប្រក់ក្បឿងនិងជញ្ជាំងក្តារ ស្រូវចំនួន២តោន ប្រាក់១ពាន់ដុល្លារ ម៉ូតូឆ្អឹងចំនួន១គ្រឿង និងសម្ភារ:មួយចំនួនទៀត។
ចំណែកម្ចាស់ផ្ទះរងគ្រោះទី២ឈ្មោះ ឃឹម ដា ភេទប្រុស អាយុ៣៨ឆ្នាំ ស្នាក់នៅភូមិលិចវត្ត ឃុំថ្មពូន ស្រុកព្រៃឈរ ខេត្តកំពង់ចាម បាត់បង់ផ្ទះ ៦គុណ៧ម៉ែត្រ សង់អំពីឈើប្រក់ស័ង្កសីជញ្ជាំងស្លឹក ស្រូវចំនួន៨០០គីឡួក្រាម ទឹកប្រាក់ចំនួន ១៥០០០០រៀល កង់ចំនួន៣គ្រឿង ធុងបាស់ចំនួន១ អាគុយចំនួន១ និងសម្ភារ:មួយចំនួន។
បន្ទាប់ពីទទួលបានព័ត៌មាន ភ្លាមៗនោះរថយន្តពន្លត់អគ្គិភ័យរបស់អធិកាដ្ឋាននគរបាលស្រុក បានចេញទៅពន្លត់ទាន់ពេលវេលាផងដែរ ដោយប្រើប្រាស់រថយន្តទឹកអស់ចំនួន២គ្រឿង។

លោកវរសេនីយ៍ឯក បានបញ្ជាក់ថា មូលហេតុដែលបណ្តាលឲ្យមានការឆាបឆេះ គឺបណ្តាលមកពីម្ចាស់ផ្ទះធ្វេសប្រហែស ក្រោយចម្អិនម្ហូបអាហាររួច មិនបានពន្លត់ភ្នក់ភ្លើងក្នុងចង្រ្កាន៕

មតិយោបល់