ព័ត៌មានជាតិ

បាត់ពីផ្ទះ៣ថ្ងៃ ប្រទះឃើញដេកស្លាប់នៅវាលស្រែ..

កំពង់ស្ពឺ: នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង៥និង៤០នាទីល្ងាច ក្មេងឃ្វៀលគោម្នាក់ឈ្មោះ អាគីងគក់ ភេទប្រុសអាយុ៧ឆ្នាំ បានប្រទះឃើញសាកសពបុរសម្នាក់មិនស្គាល់អត្តសញ្ញាណ ដេកស្លាប់នៅវាលស្រែ ចំណុចមុខភ្នំអញ្ញាសេះ ភូមិអញ្ញាសេះ ឃុំទ័ពមាន ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ដោយមិនដឹងមូលហេតុនៅឡើយទេ។

លុះដល់ព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង៧ព្រឹក កម្លាំងនគរបាលជំនាញបើកការស៊ើបអង្កេត និងស្រាវជ្រាវទើបដឹងថា ជនរងគ្រោះមានឈ្មោះ ព្រំ ច័ន្ទ ភេទប្រុស អាយុ៤៨ឆ្នាំ ស្នាក់នៅភូមិត្រាចខ្ពស់ ឃុំជំពូព្រឹក ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ព្រមទាំងមានជំងឺធ្លាក់ឈាមរាំរ៉ៃ ដោយក្រុមគ្រួសារបានបញ្ជូនទៅពេទ្យខេត្តកំពង់ស្ពឺ តែពេទ្យថាគាត់មានជំងឺដាច់សរសៃក្រពះធ្ងន់ធ្ងរ ទើបជនរងគ្រោះដឹងខ្លួនថាអស់សង្ឃឹម ក៏លួចរត់ចេញពីមន្ទីរពេទ្យតាំងពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង៤ទៀបភ្លឺ តែគ្រួសារតាមដើររកមិនឃើញសោះ។

ក្រោយមកទើបគ្រួសារជនរងគ្រោះ ទទួលបានដំណឹង ពីសមត្ថកិច្ចជំនាញថា ជនរងគ្រោះមកដេកស្លាប់នៅចំណុចមុខភ្នំអញ្ញាសេះ ឃុំទ័ពមាន ស្រុកថ្ពង ខេត្តកំពង់ស្ពឺ រួចក៏យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់