Post News Media ព័ត៌មានជាតិ យុវជន ត្រូវយល...

យុវជន ត្រូវយល់ដឹងពីផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀន!..

បន្ទាយមានជ័យ: លោកវរសេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានលើកឡើងថា យុវជនទាំងអស់ត្រូវតែយល់ដឹងពីផលប៉ះពាល់ នៃការប្រើប្រាស់គ្រឿងញៀន ហើយត្រូវឆ្លើយថាទេចំពោះគ្រឿងញៀន។

លោកលើកយ៉ាងដូច្នេះ ក្នុងអង្គសិក្ខារសាលាផ្សព្វផ្សាយពីផលប៉ះពាល់ នៃការប្រើប្រាស់គ្រឿងញៀននៅ សកលវិទ្យាល័យគ្រប់គ្រងនិងសេដ្ឋកិច្ច(UME)ខេត្តបន្ទាយមានជ័យ កាលពីព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២0១៧ ដែលមានសិស្សនិស្សិតចូលរួមចំនួន៦០នាក់។

លោក ប៉ង់ ប្រុសសកលវិទ្យាវិទ្យាធិការរងនៃ សកលវិទ្យាល័យគ្រប់គ្រងនិងសេដ្ឋកិច្ច(UME) ខេត្តបន្ទាយមានជ័យ បានថ្លែងថា យុវជនទាំងអស់ដែលកំពុងសិក្សារៀនសូត្រក្នុងសកលវិទ្យាល័យនេះ គឺជាទំពាំងនឹងត្រូវស្នងឬស្សីនាពេលអនាគតផងដែរ។

ការផ្សព្វផ្សាយពីគ្រឿងញៀនពីសំណាក់កងរាជអាវុធហត្ថ គឺជាការចែករំលែកនូវចំណេះដឹង ដើម្បីឲ្យសិស្សនិស្សិតបានយល់ដឹង ពីការប្រឈមផ្សេងៗនឹងមានឱកាសផ្សព្វផ្សាយបន្តដល់យុវជនថ្នាក់មូលដ្ឋាន។

មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលបន្ទុកប្រយុទ្ធប្រឆាំងគ្រឿងញៀន លោក ស ប៊ុនសឿង បានបញ្ជាក់ពីផលនៃការប្រើប្រាស់គ្រឿងញៀនថា គ្រឿងញៀនបានធ្វើឲ្យយើងគ្រប់គ្នាកាត់ផ្តាច់ ទំនាក់ទំនងពីក្រុមគ្រួសារ ឃ្លាតឆ្ងាយពីក្រុមមិត្តភក្តិ សង្គម ការសិក្សា និងបាត់បង់សុខភាព មួយវិញទៀតការប្រើប្រាសយូរទៅ នឹងឈានដល់ការញៀនគ្រឿងញៀន ពេលនោះហើយដែលវាមានផលប៉ះពាល់ធ្វើឲ្យមានការផ្លាស់ប្តូរមុខងារ ផ្លូវចិត្ត ផ្លូវកាយ និងផ្លូវអារម្មណ៍ ជាចុងក្រោយនឹងធ្វើឲ្យយើងក្លាយជាជនវិកលចរិកថែមទៀត។

លោកបានបញ្ជាក់បន្ថែមថា អ្នកលង់ញៀនថ្នាំ គឺអាចធ្វើអ្វីៗលែងមានការគិត ហ៊ានលួចឆក់ប្លន់ សម្លាប់ជាដើម
ដោយកំណើននៃអ្នកសេពគប់គ្រឿងញៀនមានការកើនឡើង ទើបមេបញ្ជាការអាវុធហត្ថខេត្ត បង្កើតមណ្ឌលអប់រំបន្សាបសារធាតុញៀន ដល់អ្នកញៀនដែលគិតរហូតដល់ពេលបច្ចុប្បន្ន មានចំនួនរាប់ពាន់នាក់ ហើយនៅមានអ្នកស្នាក់បន្សាបប្រមាណជិង២០០នាក់ទៀត។

លោក ស ប៊ុនសឿង បានសំណូមពរផងដល់សិស្សនិស្សិតទាំងអស់ សូមជួយផ្សព្វផ្សាយបន្ត ហើយត្រូវជៀសឲ្យឆ្ងាយពីគ្រឿងញៀន កុំចង់ដឹង ចង់សាក ចង់ភ្លក់ឡើយ ត្រូវឆ្លើយថាទេចំពោះគ្រឿងញៀនទាំងអស់គ្នា៕

Loading...