ព័ត៌មានជាតិ

ថាចូលឲ្យស្រួលខ្លួន បែរជាខាតថែម!

ភ្នំពេញ: បុរសម្នាក់ ហេតុតែមិនស្រួលខ្លួនទើបចូលកោសជប់និងម៉ាស្សា ដើម្បីឲ្យស្រួលខ្លួនឡើងវិញមានអី ភ្លេចខ្លួនរវល់តែលង់នឹងសម្លេងនឹងសូរសៀងសំនៀងស្រីច្រៀងបំពេ លង់អរម្មណ៍ កំពុងដេកផ្កាប់មុខ ស្រាប់តែក្រុមស្រ្តីម៉ាស្សានោះ លូកដៃតាមបង្អួចលួចលុយអស់ ៤៥០ដុល្លារបាត់។ ទម្រាំរួចរាល់លូកហោប៉ាវខោ ទើបដឹងថាបាត់លុយអស់ ហើយបានមកវិញសុទ្ធតែក្រដាសដុល្លាសែនខ្មោចចំនួន២៥០ដុល្លារទៅវិញ ទើបឈានដល់ការប្រកែកគ្នាតែដោយសារប្រកែកមិនឈ្នះស្រីនោះទើបរត់ទៅប្តឹងសមត្ថកិច្ចឲ្យចុះមកសម្របសម្រួល ទើបបានលុយ៣០០ដុល្លារពិតប្រាកដមកវិញ។

ហេតុការណ៍ខាងលើនេះកើតឡើងកាលពីវេលាម៉ោង១១និង៣៥នាទីព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅផ្ទះម៉ាស្សាគ្មានយីហោ តាមផ្លូវបេតុង ក្នុងភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ គ្រាន់តែដឹងថា នៅវេលាម៉ោងខាងលើ បុរសរងគ្រោះ ក្រោយពីមានអាការ:មិនសូវស្រួលខ្លួន ចង់បន្ធូរអារម្មណ៍នូវភាពតានតឹង បំបាត់ភាពស្មុគស្មាញ ក្នុងចិត្ត ក៏ចូលផ្ទះម៉ាស្សាខាងលើ ដោយស្រាតខោដែលមានទាំងលុយដាក់ព្យួរនៅក្បែរបង្អួច ហើយដេកផ្កាប់មុខ រវល់តែស្លុងអារម្មណ៍នឹងសំនៀងស្រីច្រៀងបំពេ ស្រាប់តែបក្ខពួកនាងៗបន្លំលួចលុយពីក្នុងហោប៉ាវខោអស់៤៥០ដុល្លារ ប្តូរដាក់មកវិញ លុយដុល្លាសែនខ្មោចចំនួន២៥០ លុះរហូតដល់រួចរាល់ហើយ អារម្មណ៍របស់បុរសខាងលើ មិនបានធូរដូចចិត្តឡើយ ក្រោយពីលូកមើលលុយ បាត់អស់រលីង ឃើញសុទ្ធតែដុល្លារសែនខ្មោចទៅវិញ ទើបឆោឡោ រត់ទៅប្តឹងសមត្ថកិច្ចតែម្តងដើម្បីចុះទៅដល់ផ្ទះកើតហេតុ ដើម្បីសម្របសម្រួល ទាំងម្ចាស់ផ្ទះ ទាំងស្រ្តីជនសង្ស័យ សុំសម្របសម្រួល ដោយពុំចាំបាច់ឃាត់ខ្លួនយកទៅប៉ុស្តិ៍ទេ សុខចិត្តចេញសងទៅបុរសរងគ្រោះ ៣០០ដុល្លារ រីឯជនរងគ្រោះ មិនចង់ឲ្យវែងឆ្ងាយ យល់ព្រមយកសំណង់៣០០ដុល្លារបញ្ចប់រឿង ថ្ងៃក្រោយឲ្យរាងចាល ៕

មតិយោបល់