Post News Media ព័ត៌មានជាតិ រម៉កកង់បី បុក...

រម៉កកង់បី បុកបុគ្គលិកក្រុមហ៊ុនស៊ិនទ្រីកំពុងកាយសំរាម ក្រឡាប់ផ្ងារជើង និងមនុស្ស២នាក់របួសធ្ងន់!

ភ្នំពេញ: បុរសម្នាក់ បើកម៉ូតូកង់បីក្នុងល្បឿនលឿនពេក ក៏រ៉េចង្កូតទៅបុកបុរស២នាក់ ដែលជាបុគ្គលិកក្រុមហ៊ុនស៊ិនទ្រី កំពុងតែកាយសំរាមដាក់រថយន្តបណ្តាលឲ្យរងរបួសធ្ងន់២ នាក់ ត្រូវបានរថយន្តសាមុយរបស់មន្ទីរពេទ្យបង្អែកខណ្ឌមានជ័យ ដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យ ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩និង៥០នាទីយប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ២ សង្កាត់ ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញម៉ូតូកង់បីមួយគ្រឿង បើកបរដោយបុរសម្នាក់ ក្នុងល្បឿនលឿនពេក ចាប់ហ្រ្វាំងមិនទាន់ក៏ជ្រុលចង្កូតទៅបុកបុរស២នាក់ ជាបុគ្គលិកក្រុមហ៊ុនស៊ិនទ្រី ដែលកំពុងកាយសំរាមដាក់ចូលក្នុងរថយន្តបណ្តាលឲ្យបុរសម្នាក់បែកក្បាល និងបុរសម្នាក់បាក់ជើងត្រូវបានរថយន្តសាមុយរបស់មន្ទីរពេទ្យបង្អែកខណ្ឌមានជ័យ ដឹកយកទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យ។ រីឯម្ចាស់កង់បី រងរបួសស្រាល។​ចំណែកម៉ូតូកង់បីវិញក្រឡាប់ផ្ងារជើងច្រង៉ាងនៅនឹងផ្លូវ ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ ទាក់ទងទៅសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌឲ្យមកធ្វើការវាស់វែង យកកង់បីយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីរង់ចាំដោះស្រាយទៅតាមនិតិវិធីច្បាប់បន្តទៀត៕

Loading...