ព័ត៌មានជាតិ

ឃើញគេប្រើគ្រឿងញៀន ទាញកាំបិតបុ័ងដេញកាប់ ចុងក្រោយ..

ភ្នំពេញ: សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទប្រើប្រាស់ហិង្សាដោយចេតនា កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង១២និង៥០នាទីរសៀល ស្ថិតត្រង់ចំណុចមុខផ្ទះជួល ផ្លូវបេតុង ភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ សៅ រស្មី ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ចំណែកជនរងគ្រោះទី១ឈ្មោះ ស៊ន ជា ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ម៉ូតូឌុប ស្នាក់នៅផ្ទះជួល ស្ថិតនៅភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ ទី២ឈ្មោះ ជា សម្បត្តិវឌ្ឍន: ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ទីលំនៅភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

កាលពីថ្ងៃខែឆ្នាំដដែល ជនរងគ្រោះឈ្មោះ ស៊ន ជា កំពុងឈរលេងនៅខាងមុខបន្ទប់ផ្ទះជួលស្ថិតនៅភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលនៅក្បែរនិងផ្ទះជនសង្ស័យដែរ ពេលនោះស្រាប់តែជនសង្ស័យ កាន់កំបិតបុ័ងតោជាប់នៅនឹងដៃហើយ ដើរសំដៅចូលមកកាប់ជនរងគ្រោះ ឈ្មោះ ស៊ន ជា បណ្តាលឲ្យត្រូវ មួយកាំបិតរងរបួស ចំកែងដៃខាងឆ្វេង រួចទៅព្យាបាលនៅពេទ្យឯកជន ដេរចំនួន៣ថ្នេរ ហើយជនសង្ស័យខាងលើ បានយកកាំបិតបុ័ងតោកាប់ទៅលើ ជនរងគ្រោះឈ្មោះ ជា សម្បត្តិវឌ្ឍន: ដែលកំពុងជិះម៉ូតូម្នាក់ឯង ត្រូវចំកែងដៃខាងឆ្វេង តែមិនបណ្តាលឲ្យដាច់សាច់ទេ គ្រាន់តែហើម ជាំ(ភ្លាត់ឆ្អឹងដៃ)ហើយជនសង្ស័យព្យាយាម កាប់ជនរងគ្រោះថែមទៀត តែជនរងគ្រោះត្រូវរត់គេចខ្លួនរួច។

ក្នុងពេលនោះដែរ ត្រូវកម្លាំងសមត្ថកិច្ច ដែលកំពុងជិះម៉ូតូល្បាត ក្នុងមូលដ្ឋានធ្វើអន្តរាគម ឃាត់ខ្លួនជនសង្ស័យ រួមនឹង វត្ថុតាងកាំបិតបុ័ងតោ១ យកមកធ្វើការសាកសួរ រីឯជនរងគ្រោះទាំង២នាក់ ក៏បានមកដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងពង្រ ដើម្បីសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់។

ក្រោយពីធ្វើការសាកសួរជនសង្ស័យ បានឆ្លើយសារភាព ឲ្យដឹងថា មូលហេតុដែលខ្លួនបានប្រព្រឹត្តអំពើហិង្សា ទៅលើជនរងគ្រោះទាំង២នាក់ គឺបណ្តាលមកពីជនសង្ស័យ ប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន ទើបធ្វើសកម្មភាពប្រព្រឹត្តអំពើហិង្សា ទៅលើជនរងគ្រោះតែម្តង។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌដង្កោរាជធានីភ្នំពេញ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីច្បាប់៕

#សារអប់រំ៖ យុវជន ត្រូវចៀសឲ្យឆ្ងាយពីគ្រឿងញៀន ត្រូវនិយាយថា «ទេ» ចំពោះគ្រឿងញៀន៕

មតិយោបល់