ព័ត៌មានជាតិ

(មានវីដេអូ) ហាយឡែនឌ័រ ស្លាកលេខ ភ្នំពេញ 2AI-0727 បើកបុកម៉ូតូបណ្តាលឲ្យបុរសម្នាក់របួសធ្ងន់ រួចបើករត់តែត្រូវប៉ូលិសឃាត់ជាប់!

ភ្នំពេញ: បុរសម្នាក់​រួមដំណើរជាមួយនារីម្នាក់ទៀត បានបើករថយន្តហាយឡែនឌ័រទៅបុកម៉ូតូ សង់មួយគ្រឿង បណ្ដាលឲ្យបុរសម្នាក់រងធ្ងន់ រហែកសាច់ភ្លៅស្ដាំ ភ្លាមៗក៏បន្ថែមល្បឿន បើករត់ទាំងបែកកង់ រហូតដល់ផ្លូវលំម្ដុំវត្តទួល ទឹកដីខណ្ឌឬស្សីកែវទើបឃាត់បាន ។​

គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងកាលពីវេលាម៉ោង១១និង៤០នាទីយប់ ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៧ នៅត្រង់ចំណុចវិថីព្រះស៊ីសុវត្ថិ កែងវិថីផ្សារដែក ស្ថិតក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។​

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តហាយឡែនឌ័រមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AI-0727 បើកក្នុងល្បឿនយ៉ាងលឿនទិសដៅពីត្បូងទៅជើង លុះដល់ចំណុចកើតហេតុខាងលើ បានបុកនឹងមួយឌ្រីមសង់សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ស្ពឺ 1B-2586 បណ្ដាលឲ្យបុរសម្នាក់ឈ្មោះ សារី វីរ: អាយុជាង៣០ឆ្នាំជាង រងរបួសធ្ងន់ រហែកសាច់ភ្លៅ ខាងស្ដាំ ហើយភ្លាមៗនោះគេឃើញរថយន្តបង្កហេតុបានបន្ថែមលឿនបើកទាំងបែកកង់មុខខាងឆ្វេង ដើម្បីរត់គេចពីកន្លែងកើតហេតុ តាមវិថីព្រះស៊ីសុវត្ថិ រហូតមកដល់ផ្លូវលំ ម្ដុំវត្តទួល ទឹកដីខណ្ឌឬស្សីកែវ ក៏ត្រូ​វបានសមត្ថកិច្ចតាមឃាត់បាន។​

ក្រោយកើតហេតុនគរបាលមូលដ្ឋានបានទាក់ទងនគរបាលជំនាញផ្នែកចរាចរណ៍ក្រុងមកស្ទូចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីដោះស្រាយទៅតាមនិតិវិធីច្បាប់បន្តទៀត៕

មតិយោបល់