ព័ត៌មានជាតិ

រថយន្តក្រុងក្រុមហ៊ុន​រិទ្ធ មុនីបុកម៉ូតូស្មាស់ ស្លាប់ម្នាក់របួសធ្ងន់ម្នាក់!

កណ្តាល: នៅវេលាម៉ោង៧និង៣០នាទី យប់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៧ ចំណុចភូមិឃ្លាំងស្បែក ឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្តាល ចន្លោះគីឡូម៉ែត ៣០-៣១ លើផ្លូវជាតិលេខ៥ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បង្កឡើងរវាងរថយន្តក្រុមហ៊ុន រិទ្ធមុនី និង ម៉ូតូស្មាស់ បណ្តាលមនុស្ស២នាក់ស្លាប់និងរបួស។

គ្រោះថ្នាក់ចរាចរណ៍នេះ គេបានម៉ូតូ១គ្រឿងម៉ាកស្មាស់វី ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ CY-8261 បើកបរក្នុងទិសដៅពីជើងទៅត្បូង ដោយឈ្មោះ សុខ តឿ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិវៀតណាម រស់នៅភូមិសង្វរ ឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្តាល និងអ្នករួមដំណើរម៉ូតូ ឈ្មោះ ង្វៀវ យ៉ាំងហ៊ុង ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិវៀតណាម មុខរបរអ្នកលក់កាហ្វេ រស់នៅភូមិ ព្រែកក្តាម២ ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល លុះបើកបរមកដល់កន្លែងកើតហេតុក៏មានរថយន្តក្រុង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌សលាយក្រហម ស្លាកលេខ ភ្នំពេញ 3B-2755 ជារថយន្តក្រុង របស់ក្រុមហ៊ុន រិទ្ធ មុនី (RMN) បានបុកអូសម៉ូតូបណ្តាលឲ្យស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់តែម្តង។

ម៉ូតូនិងរថយន្តក្រុងខាងលើត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅ អធិការដ្ឋាននគរបាលស្រុកពញាឮ ដើម្បីបន្តនិតិវិធីបន្តទៀត និងប្រគល់សពឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់