Post News Media ព័ត៌មានជាតិ រថយន្ត២គ្រឿងប...

រថយន្ត២គ្រឿងបុកគ្នាពេញទំហឹង ត្រង់ចំណុចផ្លូវបែកជាបួន រងការខូចខាតយ៉ាងដំណំ

ភ្នំពេញ: រថយន្តម៉ាកកាមេរីបាឡែន បើកបរដោយបុរសម្នាក់ បានបុករថយន្តនីសាន់ណាវ៉ារ៉ាយ៉ាងពេញទំហឹង នៅត្រង់ចំណុចផ្លូវបែកជាបួន តែសំណាងល្អមិនបង្កឲ្យមានអ្នករងរបួសនោះទេ ។

ហេតុការណ៏នេះ បានកើតឡើងកាលពីវេលាម៉ោង ១០និង៣០នាទីយប់ ថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ ២០១៧ ស្ថិតនៅតាមបណ្ដោយផ្លូវ៦១ កែងផ្លូវលេខ៩០ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តមួយគ្រឿង ម៉ាកនីសាន់ណាវ៉ារ៉ា ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2AB-5534 បើកបរដោយបុរសម្នាក់ តាមបណ្តោយផ្លូវលេខ៩០ ទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តម៉ាកកាមេរីបាឡែន ពណ៌ទឹកមាស ពាក់ស្លាកលេខភ្នំពេញ 2Z-4800 បើកបរដោយបុរសម្នាក់ ក្នុងល្បឿនលឿនតាមបណ្តោយផ្លូវ៦១ ទិសដៅពីត្បូងទៅជើង ក៏បុករថយន្តនីសសាន់ណាវ៉ារ៉ាយ៉ាងពេញទំហឹង បណ្តាលឲ្យរងការខូចខាតចំហៀងផ្នែកខាងឆ្វេងរថយន្តយ៉ាងដំណំ រីឯរថយន្តកាមេរីបាឡែនវិញ ខ្ទេចផ្នែកខាងមុខស្ទើតែទាំងស្រុង សំណាងល្អមិនមានអ្នករងរបួសនោះទេ ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់កន្លែងកើតហេតុ ទាក់ទងទៅសមត្ថកិច្ចជំនាញ ឲ្យមកធ្វើការវាស់វែង និងយករថយន្តទាំង២ ទៅរក្សាទុកនៅការិយាល័យចរាចរណ៏ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរងចាំដោះស្រាយទៅតាមនិតិវិធីច្បាប់៕

Loading...