ព័ត៌មានជាតិ

អាងអីបើករត់! រថយន្តហ៊ីណូ បុកម៉ូតូរបួស ម្ចាស់ដាក់មេប្រូចបាត់

តាកែវ: កាលពីវេលាម៉ោង៧ និង១៥នាទីយប់នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្តបុកនឹងម៉ូតូ ក្នុងទិសដៅបញ្រ្ចាសទិសគ្នា បណ្តាលឲ្យភាគីខាងម៉ូតូ របួសធ្ងន់ស្រាលចំនួន២នាក់ ស្ថិតលើផ្លូវខេត្តលេខ១២៩B ភូមិស្ពឺ ឃុំអង្គខ្នុរ ស្រុកទ្រាំង ខេត្តតាកែវ។

ជនរងគ្រោះឈ្មោះ មាស ជីវ៉ា​ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរកសិករ(របួសធ្ងន់) បើកម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០១៨ ពាក់ស្លាកលេខតាកែវ 1Q-0571 និងអ្នករួមដំណើរម្នាក់ឈ្មោះ កុត ហាក់ ភេទប្រុស អាយុ២១ឆ្នាំ​(របួសស្រាល) ស្នាក់នៅភូមិកណ្តាល ឃុំគោកពោធិ៍ ស្រុកបុរីជុលសា ខេត្តតាកែវ។ ចំណែកម្ចាស់រថយន្ត ពុំស្គាល់អត្តសញ្ញាណនោះទេ (គេចខ្លួនបាត់) បើករថយន្តម៉ាកហ៊ីណូ ពណ៌ទឹកក្រូច ពាក់ស្លាកលេខភ្នំពេញ 5A-0426។

ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានបញ្ជូនទៅសង្រ្គោះ នៅមន្ទីរពេទ្យខេត្តតាកែវ រីឯវត្ថុតាងទាំង២គ្រឿង សមត្ថកិច្ចយកមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុក ដើម្បីបន្តនីតិវិធីច្បាប់៕

មតិយោបល់