ព័ត៌មានជាតិ

ជនដៃដល់កាប់គូទំនាស់រឿងស្តីបន្តោស មិនឲ្យផឹកស៊ី តុលាការ ដាក់ពន្ធនាគារ បណ្តោះអាសន្ន

កណ្តាល: នៅរសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៧ លោក គឹម ម៉េង ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល បានសម្រេចចេញដី ការឃុំខ្លួនជនដៃដល់កាប់គូទំនាស់រឿងស្តីបន្ទោស មិនឲ្យផឹកស៊ី បណ្តោះអាសន្នក្នុងពន្ធនាគារ ក្រោមបទចោទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស តាមមាត្រា២១៨ នៃក្រមព្រហ្មទណ្ឌ ។

បទល្មើសនេះ ត្រូវបានផ្តន្ទាទោសពី២ឆ្នាំ ទៅ៥ឆ្នាំ និងពិន័យជាប្រាក់ពី៤លាន ទៅ១០លានរៀល។

ជនសង្ស័យឈ្មោះអុំ សម្រស់ ភេទប្រុស អាយុ២៥ឆ្នាំ
រស់នៅភូមិព្រែកផ្ដៅ ឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្ដាល មុខរបរមិនពិតប្រាកដ។

សូមជម្រាបថា នៅថ្ងៃអាទិត្យ៦ កើតខែបុស្សឆ្នាំរកា នព្វស័កព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង ១១ ត្រង់ចំណុចដីឡូរបស់ឈ្មោះអ៊ិន អស្ចារ្យ ស្ថិតនៅភូមិព្រែកផ្ដៅ ឃុំ រកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល។

ជនរងគ្រោះ ឈ្មោះ ភិន ផែ ភេទប្រុស អាយុ៥៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ រស់នៅភូមិព្រែកផ្ដៅ ឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្ដាល មានរបួសក្បាលខាងក្រោយផ្នែកខាងឆ្វេង ដេរ០៥ថ្នេរ ។

មុនកើតហតុជនសង្សយ័ មានគំនុំជាមួយជនរងគ្រោះ ដែលធ្លាប់បានស្ដីបន្ទោសឲ្យជនសង្ស័យ ជុំវិញរឿងស៊ីផឹក ទើបធ្វើឲ្យជនសង្ស័យមានគំនុំកើតឡើង លុះមកដល់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៧ វេលាម៉ោង១១ ជនរងគ្រោះបានដើរទៅរើសខ្វិត ចម្ងាយពីផ្ទះ១៥០ម៉ែត្រ តែរើសខ្វិតមិនបាន ទើបដើរត្រឡប់មកផ្ទះវិញ ពេលដើរមកដល់ចំណុចកើតហេតុ បាន​ជួបនឹងជនសង្សយ័ រួចជនរងគ្រោះដើរហួសជនសង្ស័យ បានចម្ងាយ២ម៉ែត្រ ស្រាប់តែជនសង្សយ័យកកាំបិតតាំងតោកាប់មកលើជនរងគ្រោះ១កាំបិតចំក្បាលពីក្រោយចំហៀងខាងឆ្វេង បណ្តាលឲ្យរងរបួស ហើយភ្លាមៗនោះជនសង្ស័យ បានគេចខ្លួនបាត់តែម្ដង។

ក្រោយពេលកើតហេតុ រួចនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង២ និង៤០នាទីរសៀល ជនរងគ្រោះបានមកដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍រកាកោងទី១ បន្ទាប់មកសមត្ថកិច្ចប៉ុស្តិ៍ បានស្វែងរកចាប់ខ្លួនជនសង្ស័យ បាននៅចំណុចដីចម្ការស្វាយឈ្មោះជ័យ នៅក្រោយភូមិព្រែកផ្ដៅឃុំរកាកោង១ ស្រុកមុខកំពូល ខេត្តកណ្ដាល កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង១០ និង២៥នាទី ដើម្បីធ្វើការសាកសួរ តែជនសង្ស័យមិនឆ្លើយសារភាពទេ៕

មតិយោបល់