Post News Media ព័ត៌មានជាតិ ទំនេរពេក! បបួ...

ទំនេរពេក! បបួលកាប់ចាក់គ្នា ជាប់ខ្នោះបានសម្រេច..

បន្ទាយមានជ័យ: នៅវេលាម៉ោង១១យប់ ថ្ងៃទី២២ ខែ ធ្នូ ឆ្នាំ២០១៧ កម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែត បានចុះអន្តរាគមន៍ ចាប់ឃាត់ខ្លួនជនសង្ស័យបានចំនួន៣នាក់ ពីបទហិង្សាដោយចេតនា នៅចំណុចការដ្ឋានសំណង់ ក្នុងវិទ្យាល័យប៉ោយប៉ែត(សាលារៀន២ជាន់)។

លោកអនុសេនីយ៍ឯក ចាន់ រដ្ឋា មេបញ្ជាការស្តីទីមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឲ្យដឹងថា ក្រោយទទួលបានពាក្យបណ្តឹងពីជនរងគ្រោះឈ្មោះ សៅ សុនល ភេទ ប្រុស អាយុ ២៦ឆ្នាំ មុខរបរ កម្មករសំណង់ បច្ចុប្បន្នរស់នៅបណ្តោះអាសន្នក្នុងភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ករណីហិង្សាដោយចេតនា នៅចំណុចការដ្ឋានសំណង់ ក្នុងវិទ្យាល័យប៉ោយប៉ែត(សាលារៀន២ជាន់) ស្ថិតនៅភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។

លោកបានចាត់តាំងកម្លាំងចុះអន្តរាគមន៍បង្រ្កាបភ្លាមៗ នៅកន្លែងកើតហេតុ និងបានឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ទី១-ឈ្មោះ កាក់ ឆុង ភេទ ប្រុស អាយុ ១៧ឆ្នាំ មុខរបរ កម្មករសំណង់ បច្ចុប្បន្នរស់នៅបណ្តោះអាសន្នក្នុងភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ទី២-ឈ្មោះ គាន់ កាន់ ភេទ ប្រុស អាយុ ១៦ឆ្នាំ មុខរបរ កម្មករសំណង់ បច្ចុប្បន្នរស់នៅនៅបណ្តោះអាសន្នក្នុងភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត និងទី៣-ឈ្មោះ រ៉េត វិត ភេទ ប្រុស អាយុ ១៧ឆ្នាំ មុខរបរ កម្មករសំណង់ បច្ចុប្បន្នរស់នៅនៅបណ្តោះអាសន្នក្នុងភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត) ហើយបាននាំខ្លួនជនសង្ស័យទាំង៣នាក់ ខាងលើដើម្បីយកមកសាកសួរនៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត និងបានកសាងសំណុំរឿងបញ្ជូនមកទីបញ្ជាការកងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី ។

តាមចម្លើយសារភាពរបស់ឈ្មោះ កាក់ ឆុង ថានៅយប់ម៉ោងប្រហែលពាក់កណ្តាលអាធ្រាត ថ្ងៃទី២២ ខែ ធ្នូ ឆ្នាំ២០១៧ រូបគេ(កាក់ ឆុង) និងឈ្មោះ ញ៉ាញ់ ភេទ ប្រុស អាយុប្រហែល ២០ឆ្នាំ ជាកម្មករសំណង់ជាមួយគ្នា បានបបួលគ្នាចេញមកលេងនៅខាងក្រៅបរិវេណសាលា២ជាន់ ដោយឈ្មោះ ញ៉ាញ់ បានយកកាំបិតដាក់តាមខ្លួនផងដែរ លុះមកដល់ចំណុចកើតហេតុ ឈ្មោះ ញ៉ាញ់ បានស្រែកឡូឡា បបួលកម្មករនៅទីនោះឲ្យចេញមកកាប់គ្នា មួយសន្ទុះក្រោយមកក៏មានកម្មករសំណង់ចេញមកជាច្រើននាក់ ដោយមានកាន់ដំបង និងដុំថ្មគ្រប់ដៃ ដោយមើលឃើញហេតុការណ៍ដូចនោះ ឈ្មោះ កាក់ ឆុង ក៏បានរត់ចេញពីកន្លែងជម្លោះមកដេកក្នងបន្ទប់របស់គេវិញ ដោយមិនដឹងរឿងហេតុកើតឡើងយ៉ាងណានោះដែរ ។

ចម្លើយសារភាពរបស់ឈ្មោះ គាន់ កាន់ និងឈ្មោះ រ៉េត វិត បានសារភាពថា ៖ រូបគេទាំងពីរនាក់កំពុងតែដេកនៅក្នុងបន្ទប់ នៅវេលាម៉ោង ៩យប់ ស្រាប់តែឈ្មោះ កាក់ ឆុង បានរត់មកចូលក្នុងបន្ទប់របស់ឈ្មោះ គាន់ កាន់ ទាំងក្នុងដៃមានកាន់អង្រឹងផង ហើយនិយាយថាសុំដេកក្នុងបន្ទប់នេះដែរ ដោយគេ(គាន់ កាន់)ងងុយដេកខ្លាំងទើបមិនបានសួរនាំអ្វីឡើយ ហើយក៏ដេកលក់ទៅ លុះដល់ម៉ោង ៩និង ៣០នាទីយប់ ឈ្មោះកាក់ ឆុង ក៏បានរត់ទៅបន្ទប់របស់ឈ្មោះ រ៉េត វិត ដើម្បីសុំដេកជាមួយទៀត ដោយឈ្មោះ រ៉េត វិត ងងុយ ក៏ដេកលក់ទៅ ដោយមិនបានសួរនាំដូចគ្នា ។ រហូតដល់ម៉ោង ១១យប់ ក៏មានកម្លាំងអាវុធហត្ថចូលមកក្នុងបន្ទប់ និងនាំខ្លួនមកមូលដ្ឋានកងរាជអាវុធហត្ថ សួរនាំតែម្តង។

តាមការបំភ្លឺរបស់ជនរងគ្រោះ បានឲ្យដឹងថា នៅវេលាម៉ោង ៥ល្ងាច រូបគេបានអង្គុយផឹកស្រាជាមួយបងប្អូន និងអ្នករួមការងារក្នុងការដ្ឋានសំណង់ ដែលនៅទល់មុខនិងសាលារៀន២ជាន់ លុះអង្គុយផឹកស៊ីរហូតដល់ម៉ោង ៩និង ៣០នាទីយប់ ក៏ឃើញប្អូនរបស់ខ្លួន និងមិត្តភក្តិរួមការងារ មានរឿងវាយប្រតាយប្រតប់ជាមួយ កម្មករមួយក្រុមទៀត ដែលមានគ្នាប្រមាណ៥ ទៅ៦នាក់ ឃើញដូច្នោះរូបគេ និងមិត្តរួមការងារជាមួយគ្នា ក៏បានរត់ទៅជួយ ស្រាប់តែភាគីមួយក្រុមទៀត បានយកកាំបិតសាំងគីម គប់មកលើរូបគេ(ជនរងគ្រោះ) បណ្តាលឲ្យដាច់សរសៃដៃ បន្ទាប់មកភាគីបង្កក៏បានរត់ចូលក្នុងសាលារៀន២ជាន់ បាត់ទៅ ។

ចំណែកឈ្មោះ ញ៉ាញ់ ដែលជាជនបង្កបានរត់គេចខ្លួនបាត់ បច្ចុប្បន្នកម្លាំងជំនាញកំពុងតាមស្រាវជ្រាវចាប់ខ្លួន ដើម្បីយកមកដាក់ទោសទៅតាមច្បាប់ ។
តាមចម្លើយសារភាពរបស់ជនសង្ស័យ និងតាមកាតបំភ្លឺរបស់ជនរងគ្រោះ ឃើញមានភាពស៊ីសង្វាក់គ្នាទៅលើអង្គហេតុខាងលើ កម្លាំងជំនាញរបស់កងរាជអាវុធហត្ថខេត្ត បានកសាងសំណុំរឿង បញ្ជូនជនសង្ស័យ និងវត្ថុតាង ទៅតុលាការ ដើម្បីចាត់ការទៅតាមនីតិវិធី៕

Loading...