ព័ត៌មានជាតិ

ផឹកចំស្រាកូរ! ខឹងមិត្តភក្ដិឃាត់ ទាញដែកជ្រុងវាយបែកក្បាល..

ភ្នំពេញ: កម្លាំងនគរបាលប៉ុស្ដិ៍ចោមចៅ១ បានធ្វើការឃាត់ខ្លួនយុវជនម្នាក់ កាលពីវេលាម៉ោង៧យប់ ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៧ នៅក្នុងភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ បន្ទាប់ពីផឹកស្រវឹងស្រែកឡូឡាកូរគេកូរឯង ហើយពេលយុវជនម្នាក់ទៀតដែលជាមិត្តភក្ដិឃាត់ក៏បានទាញដែកជ្រុងវាយបណ្ដាលឲ្យបែកក្បាលដេរចំនួន៤ថ្នេរហូរឈាមកក្លាក់។

ជនដៃដល់ខាងលើឈ្មោះ ហុង គឹមសុង អាយុ២០ឆ្នាំ មុខរបរ កម្មករកាត់ដេរ មានស្រុកកំណើតនៅក្នុងភូមិព្រៃស្រឡែង ឃុំទួលអំពិស ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។ ចំណែកជនរងគ្រោះឈ្មោះ ស៊ឺន ហុង អាយុ២៨ឆ្នាំ មានស្រុកកំណើតនៅក្នុងភូមិត្រពាំងស្គុន ឃុំជីផុច ស្រុកមេសាង ខេត្តព្រៃវែង។

ជនរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុជនដៃដល់បានផឹកស៊ីស្រវឹង ហើយបានស្រែកឡូឡា ពេលនោះខ្លួនបានចូលទៅឃាត់ស្រាប់តែជននោះទាញដំបងដែកជ្រុងវាយបណ្ដាលឲ្យបែកក្បាលតែម្ដង។ បន្ទាប់មកខ្លួនបានដាក់ពាក្យប្ដឹងសុំអន្តរាគមន៏ពីកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅ១ ដើម្បីឲ្យចាប់ខ្លួនជននេះនាំទៅសាកសួរ។

ប្រភពដដែលបានបន្តថា រហូតដល់វេលាម៉ោង៨ព្រឹកថ្ងៃទី២៦ ខែធ្នូ ទើបកម្លាំងចុះទៅធ្វើការចាប់ខ្លួនជនដៃដល់នាំទៅសាកសួរនៅប៉ុស្តិ៍ចោមចៅ១។ខ្លួនបានទាមទាសំណងចំនួន២លានរៀលស្មើរនឹង៥០០ដុល្លារ ប៉ុន្តែដោយមានការសម្របសម្រួលគ្នា ទើបចុះមកនៅត្រឹម៣០០ដុល្លារវិញ ប៉ុន្តែរហូតដល់វេលាយប់ថ្ងៃដដែលនៅមិនទាន់មានលុយប្រគល់ឲ្យជនរងគ្រោះនៅឡើយ ដោយរង់ចាំបងប្អូនយកលុយពីស្រុកកំណើតទៅឲ្យ៕

មតិយោបល់