ព័ត៌មានជាតិ

ឡង់គ្រីស័រស៊េរីទំនើប ស្លាកលេខ ខ.ម2-5355 បុកម៉ូតូវ៉េវ របួសធ្ងន់ម្នាក់​ នៅព្រះសីហនុ

ព្រះសីហនុ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្តនិងម៉ូតូ បណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់។

ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង១២ និង៤០នាទីរសៀល ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៧ នៅលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ១២៧-១២៨ ក្នុងភូមិវាល ឃុំកំពង់សិលា ស្រុកកំពង់សិលា ខេត្តព្រះសីហនុ។

សមត្ថកិច្ចបានឲ្យដឹងថា រថយន្តខាងលើ ម៉ាក ឡង់គ្រីស័រ ពណ៌ខ្មៅ ពាក់ស្លាកលេខ ខ.ម 2-5355 បើកបរដោយឈ្មោះ ស្រេង សុខលី ភេទ ប្រុស អាយុ ២៤ឆ្នាំ មានទីលំនៅភ្នំពេញ បើកបរក្នុងទិសដៅពីភ្នំពេញ ឆ្ពោះទៅព្រះសីហនុ បានបុកប៉ះម៉ូតូ១គ្រឿង ម៉ាក ហុងដា វ៉េវ ពណ៌ក្រហម គ្មានស្លាកលេខ ជិះដោយឈ្មោះ មាស សុខា ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅស្រុករមាសហែក ខេត្តស្វាយរៀង បើកបរឆ្លងកាត់ផ្លូវពីកើតទៅ លិច បណ្ដាលឲ្យរងរបួសធ្ងន់ និងបានបញ្ជូនទៅព្យាបាលនៅមណ្ឌលសុខភាពស្រុកកំពង់សិលា។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ធ្វើការវាស់វែងនិងនាំយករថយន្តនិងម៉ូតូ មករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់សិលា រង់ចាំដោះស្រាយគ្នាតាមនីតិវិធីច្បាប់៕

មតិយោបល់